(ម៉ាឌ្រីដ)៖ អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg បាននិយាយថា អង្គការសម្ព័ន្ធភាពយោធាអាត្លង់ទិក (ណាតូ) កំពុងជួបប្រជុំគ្នានៅទីក្រុងម៉ាឌ្រីដ «ក្នុងបរិបទវិបត្តិសន្តិសុខដ៏ធ្ងន់ធ្ងរបំផុត ដែលសម្ព័ន្ធភាពបានជួបប្រទះចាប់តាំងពីសង្គ្រាមលោកលើកទីពីរមក»។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន AP នៅថ្ងៃពុធ ទី២៩ ខែមិថុនា ឆ្នាំ២០២២។

ការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន បានបំផ្លាញសន្តិភាពរបស់អឺរ៉ុប និងបានជំរុញឱ្យអង្គការណាតូចាក់កងទ័ព និងសព្វាវុធចូលទៅក្នុងទ្វីបអឺរ៉ុបខាងកើតក្នុងកម្រិតមួយដែលមិនធ្លាប់មានពីមុនចាប់តាំងពីសង្គ្រាមត្រជាក់មក។

សមាជិកនៃសម្ព័ន្ធភាពក៏បានបញ្ជូនជំនួយផ្នែកយោធា និងស៊ីវិលរាប់ពាន់លានដុល្លារអាមេរិក ទៅកាន់អ៊ុយក្រែនផងដែរ។ មេដឹកនាំអង្គការណាតូទាំង៣០ នឹងស្តាប់ដោយផ្ទាល់ពីប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky ដែលទំនងជានឹងស្នើឱ្យពួកគធ្វើអ្វីបន្ថែមទៀត នៅពេលដែលគាត់ថ្លែងទៅកាន់ការជួបជុំនេះតាមរយៈតំណវីដេអូ។

លោក Stoltenberg បាននិយាយថា អង្គការណាតូកំពុងអនុវត្ត «ការផ្លាស់ប្តូរដ៏ទូលំទូលាយបំផុតនៃការការពាររួមរបស់ (សម្ព័ន្ធយោធាមួយនេះ) ចាប់តាំងពីបិទបញ្ចប់នៃសង្គ្រាមត្រជាក់»

មេដឹកនាំណាតូក៏គ្រោងនឹងបោះផ្សាយគំនិតយុទ្ធសាស្ត្រថ្មីរបស់អង្គការណាតូ ដែលជាសំណុំនៃអាទិភាព និងគោលដៅរបស់ខ្លួនដែលកើតឡើងម្តងក្នុងមួយទសវត្សរ៍ផងដែរ៕