(មូស្គូ)៖ ឯកអគ្គរដ្ឋទូតរងរបស់រុស្ស៉ី ប្រចាំអង្គការសហប្រជាជាតិ លោក ឌីមីទ្រី ប៉ុលយ៉ាន់ស្គី (Dmitry Polyansky) បានគូសបញ្ជាក់ប្រាប់ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិថារុស្ស៉ីមិនបានបើកការវាយប្រហារលើផ្សារទំនើបមួយកន្លែងនៅក្នុងទីក្រុង ក្រេមិនឈុក (Kremenchuk) ភាគកណ្ដាលអ៊ុយក្រែនដែល បានសម្លាប់មនុស្សយ៉ាងហោចណាស់ ១៨នាក់ និង៥៩នាក់រងរបួសនោះទេ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Al Jazeera នៅថ្ងៃពុធ ទី២៩ ខែមិថុនា ឆ្នាំ២០២២។

លោក Polyansky បាននិយាយថា រុស្ស៉ីបានវាយប្រហារទៅលើឃ្លាំងទុកយន្តហោះរបស់អ៊ុយក្រែន នៅទីក្រុង Kremenchuk ហើយថាផ្សារទំនើបខាងលើ នៅឆ្ងាយពីឃ្លាំងអាវុធនេះ ប៉ុន្តែការបំផ្ទុះគ្រាប់រំសេវ «បានបង្កឲ្យមានភ្លើងឆេះរាលដាលដល់ផ្សារទំនើបនេះ»។ បន្ថែមពីលើនេះ ក្រុមមន្ត្រីនៃវិមានក្រឹមឡាំង ក៏បានអះអាងដែរថាទាហានអ៊ុយក្រែនគឺជាអ្នកបាញ់ដោយខ្លួនឯង។

គួរបញ្ជាក់ថា អ៊ុយក្រែនបានស្នើឱ្យកោះប្រជុំក្រុមប្រឹក្សាសន្តិសុខ បន្ទាប់ពីការកើនឡើងនៃការវាយប្រហារនាពេលថ្មីៗនេះរបស់រុស្ស៉ី រួមទាំងការវាយប្រហារតាម អាកាសកាលពីចន្ទដើមសប្ដាហ៍នេះផងដែរ ទៅលើផ្សារទំនើបដែលមានហ្វូងមនុស្សច្រើន។ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី (Volodymyr Zelenskyy) បានបញ្ជាក់ប្រាប់ក្រុមប្រឹក្សានេះថា «មនុស្សរាប់សិបនាក់កំពុងបាត់ខ្លួន» ហើយបំណែករាងកាយត្រូវបានរកឃើញ រួមទាំងដៃ និងជើង ដោយបន្ថែមថាជាអកុសល ប្រហែលជាមានជនរងគ្រោះកាន់តែច្រើនជាងនេះទៅទៀត៕