(ម៉ានីល)៖ អាជ្ញាធរនៅក្នុងប្រទេសហ្វីលីពីន បានចេញបញ្ជាឲ្យបិទគេហទំព័រសារព័ត៌មាន រ៉េបប្លឺ (Rappler) ដែលសារព័ត៌មានបែបស៊ើបអង្កេតមួយ បង្កើតឡើង ដោយម្ចាស់ពានរង្វាន់ណូបែលសន្តិភាព លោកស្រី ម៉ារីយ៉ា រ៉េសសា (Maria Ressa)។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC នៅថ្ងៃអង្គារ ទី២៩ ខែមិថុនា ឆ្នាំ២០២២។

Rappler គឺជាប្រព័ន្ធផ្សព្វផ្សាយមួយក្នុងចំណោមប្រព័ន្ធផ្សព្វផ្សាយផ្សេងទៀត ដែលរិះគន់អតីតរដ្ឋាភិបាលរបស់លោកប្រធានាធិបតី រ៉ូឌ្រីហ្គោ ឌូតើតេ (Rodrigo Duterte) ហើយសេចក្តីសម្រេចនេះបានធ្វើឡើងមុនពេល លោក ឌូតឺតេ ផុតអាណត្តិ។ នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន Rappler បានប្រកាសថាខ្លួននឹង ធ្វើការតវ៉ាទៅនឹងដីការបស់តុលាការ ដោយលើកឡើងដូច្នេះថា «យើងមានសិទ្ធិប្តឹងឧទ្ធរណ៍ចំពោះការសម្រេចនេះ ហើយពួកយើងសម្រេចថានឹងធ្វើដូច្នេះ ជាពិសេសនៅពេល ដែលនីតីវិធីរបស់តុលាការចាប់ផ្តើមដំណើរការ»

គួរបញ្ជាក់ថា បើតាមគណៈកម្មការមូលបត្រហ្វីលីពីន, ការសម្រេចដកហូតអាជ្ញាប័ណ្ណរបស់ក្រុមហ៊ុនដើម្បីតម្កល់ទុកនេះ ធ្វើឡើងដោយសារតែសារព័ត៌មាន Rappler បានបំពានរដ្ឋធម្មនុញ្ញ និងច្បាប់ស្ដីពីការរឹតត្បិតកម្មសិទ្ធិនៃជនបរទេសនៅក្នុងប្រព័ន្ធផ្សាយ៕