(ដាម៉ាស)៖ អង្គការសហប្រជាជាតិ (UN) បានឲ្យដឹងថា ក្នុងរយៈពេល១០ឆ្នាំដំបូងនៃជម្លោះនៅក្នុងប្រទេសស៉ីរី មានជនស៉ីវិលជាង ៣០០,០០០នាក់ ត្រូវបានសម្លាប់ ខណៈអ្នកជាប់ឃុំជាង ១០០នាក់ ត្រូវបានសម្លាប់ក្នុងជំរំឃុំឃាំងមួយរបស់ស៉ីរី។ នេះបើយោងតាមការដកស្រង់ផ្សាយចេញពីសារព័ត៌មាន Al-Jazeera នៅថ្ងៃពុធ ទី២៩ ខែមិថុនា ឆ្នាំំ២០២២។

របាយការណ៍ខាងលើនេះត្រូវបានចេញផ្សាយកាលពីថ្ងៃអង្គារសប្តាហ៍នេះ ដោយការិយាល័យសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ក្រោយពីធ្វើការវាយតម្លៃយ៉ាង ហ្មត់ចត់ និងវិភាគលើអង្គហេតុនៃការស្លាប់របស់ជនស៉ីវិល។ ជនស៉ីវិលចំនួន ៣០៦,៨៨៧នាក់ ត្រូវបានគេប៉ាន់ស្មានថាត្រូវបានសម្លាប់នៅក្នុងប្រទេសស៉ីរី ចន្លោះពីថ្ងៃទី១ ខែមីនា ឆ្នាំ២០១១ ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ ដោយសារតែជម្លោះ។

ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស លោកស្រី មីឆែល បាក់ឆេឡេត (Michelle Bachelet) បានគូសបញ្ជាក់ថា «តួលេខនៃជនរងគ្រោះ ដែលពាក់ព័ន្ធនឹងជម្លោះនៅក្នុងរបាយការណ៍នេះ គឺមិនមែនជាចំនួនអរូបីឡើយ តែជាចំនួនដែលតំណាងឲ្យបុគ្គលនីមួយៗ»

គួរបញ្ជាក់ថា ជម្លោះក្នុងប្រទេសស៉ីរី បានចាប់ផ្តើមឡើងដោយការតវ៉ាប្រឆាំងនឹងរដ្ឋាភិបាល នៅក្នុងតំបន់ផ្សេងៗគ្នាដើម្បីទាមទារឲ្យមានការធ្វើកំណែទម្រង់លទ្ធិប្រជាធិបតេយ្យ។ ចាប់តាំងពីពេលនោះមក ការតវ៉ាបានប្រែក្លាយទៅជាសង្រ្គាមស៉ីវិលយ៉ាងខ្លាំងក្លា ដែលបានសម្លាប់មនុស្សរាប់សែននាក់ និងបំផ្លាញហេដ្ឋារចនាសម្ព័ន្ធធំៗជាច្រើនក្នុងប្រទេស៕