(មូស្គូ)៖ នៅថ្ងៃអង្គារនេះ រុស្ស៉ីបានប្រកាសពង្រីកបន្ថែមទៀតនូវ បញ្ជីឈ្មោះបុគ្គលដែលត្រូវបានហាមឃាត់ មិនឱ្យចូលក្នុងទឹកដីប្រទេសរបស់ខ្លួន ជាការឆ្លើយតបចំពោះការដាក់ទណ្ឌកម្មថ្មីទៀត ពីសំណាក់ទីក្រុងវ៉ាស៉ីនតោន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២៨ ខែមិថុនា ឆ្នាំ២០២២។

ក្រសួងការបរទេសរុស្ស៉ី បានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន យ៉ាងដូច្នេះថា «ឆ្លើយតបចំពោះការបន្តដាក់ទណ្ឌកម្មឥតឈប់ឈរ ពីសំណាក់សហរដ្ឋអាមេរិក ប្រឆាំងមកលើក្រុមអ្នកនយោបាយ និងបុគ្គលសាធារណៈរបស់រុស្ស៉ី ពលរដ្ឋអាមេរិកចំនួន ២៥នាក់ទៀត ត្រូវបានកត់ឈ្មោះបញ្ជូលក្នុង បញ្ជីហាមមិនឱ្យចូលទឹកដីរបស់ប្រទេសរុស្ស៉ី»

លោកស្រី ជៀល បៃដិន ដែលជាភរិយាប្រធានាធិបតីអាមេរិក ចូ បៃដិន ព្រមទាំងកូនស្រីរបស់លោក ត្រូវបានកត់ឈ្មោះជាមួយ បុគ្គល២៣នាក់ផ្សេងទៀត រួមមានសមាជិកព្រឹទ្ធសភា សាស្រ្តាចារ្យសាកលវិទ្យាល័យ អ្នកស្រាវជ្រាវ និងអតីតមន្រ្តីរដ្ឋាភិបាល របស់សហរដ្ឋអាមេរិក បន្ថែមចូលទៅក្នុងបញ្ជីខាងលើ។

គួរបញ្ជាក់ថា កាលពីថ្ងៃចន្ទសប្តាហ៍នេះ ទីក្រុងវ៉ាស៉ីនតោន ទើបតែបានប្រកាសពីកញ្ចប់ទណ្ឌកម្មថ្មីទៀតរបស់ក្រុម G7 ដែលមានគោលដៅទៅលើ វិស័យឧស្សាហកម្មយោធារបស់ប្រទេសរុស្ស៉ី ដើម្បីព្យាយាមកាត់បន្ថយសមត្ថភាពរបស់ទីក្រុងមូស្គូ ក្នុងការបន្តសង្រ្កាមរបស់ខ្លួន នៅអ៊ុយក្រែន៕