(ញូយ៉ក)៖ ប៉ូលិសទីក្រុងញូយ៉ក (NYPD) នៃសហរដ្ឋអាមេរិក បានរាយការណ៍ឱ្យដឹងថា ឧប្បត្តិហេតុផ្អើលឆោឡោបានកើតឡើង នៅឯក្បួនដង្ហែក្រុមអ្នកស្រលាញ់ភេទដូចគ្នា ហៅថា Pride Parade ក្នុងទីក្រុងញូយ៉កនៃរដ្ឋញូយ៉ករបស់សហរដ្ឋអាមេរិក កាលពីថ្ងៃអាទិត្យកន្លងទៅនេះ ដោយមនុស្សរាប់រយនាក់ បានព្យាយាមរត់គេចខ្លួន បន្ទាប់ពីច្រឡំសំឡេងបាញ់កាំជ្រួចថា ជាសំឡេងកាំភ្លើង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២៧ ខែមិថុនា ឆ្នាំ២០២២។

NYPD បានគូសបញ្ជាក់នៅលើបណ្ដាញសង្គម Twitter ភ្លាមៗក្រោយពេលកើតហេតុថា មិនមានការបាញ់ប្រហារនៅឯតំបន់ Washington Square Park នោះទេ ហើយលទ្ធផលនៃការស៊ើបអង្កេតបានសន្និដ្ឋានថា សំឡេងដែលបង្កឱ្យមានការផ្អើលរត់ជាន់គ្នា តាមពិតគឺជាសំឡេងបាញ់កាំជ្រួច មិនមែនសំឡេងបាញ់កាំភ្លើងនោះឡើយ។ ជាសំណាងល្អ ក៏មិនមានអ្នកទទួលរងរបួសធ្ងន់ធ្ងរ ក្នុងហេតុការណ៍នេះដែរ។

គួរបញ្ជាក់ថា មនុស្សរាប់ម៉ឺននាក់ បានចូលរួមព្រឹត្តិការណ៍ Pride Parade កាលពីថ្ងៃអាទិត្យ នៅទីក្រុងញូយ៉ក។ វាជាក្បួនដង្ហែក្រុមអ្នកស្រលាញ់ភេទដូចគ្នា ធំលំដាប់ជាងគេទី២ នៅសហរដ្ឋអាមេរិក បន្ទាប់ពីទីក្រុង San Francisco ហើយការជួបជុំកាលពីថ្ងៃអាទិត្យ គឺជាលើកទី១ ដែលវាបានប្រារព្ធឡើងវិញ ចាប់តាំងពីជំងឺឆ្លងរាតត្បាត COVID-19 បានផ្ទុះឡើង៕