(បូហ្គោតា)៖ មនុស្សយ៉ាងហោចណាស់ចំនួន ៦នាក់ បានបាត់បង់ជីវិត និងប្រហែលជិត៣០០នាក់ បានទទួលរងរបួស កាលពីថ្ងៃអាទិត្យកន្លងទៅ នៅពេលដែលកន្លែងសម្រាប់ឈរទស្សនាមួយផ្នែកធំ នៅទីលានគោជល់មួយកន្លែង បានបាក់ស្រុត នៅក្នុងប្រទេសកូឡុំប៊ី។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CGTN នៅថ្ងៃចន្ទ ទី២៧ ខែមិថុនា ឆ្នាំ២០២២។

ហេតុការណ៍ដ៏រន្ធត់ខាងលើបានកើតឡើង នៅទីក្រុង អ៊ែល អេស្ពីណាល់ (El Espinal) ចម្ងាយប្រហែល១៥០គីឡូម៉ែត្រ ពីភាគនិរតីនៃរដ្ឋធានីបូហ្គោតា កំលុងពិធីបុណ្យគោជល់មួយហៅថា ខ័ររ៉ាឡេចា (Corraleja)។ បើតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក ក្នុងចំណោមអ្នកបាត់បង់ជីវិត ក៏រួមមានទាំងក្មេងអាយុទើប ១ខួបម្នាក់ផងដែរ។

ប្រធានាធិបតីជាប់ឆ្នោតកូឡុំប៊ី លោក ហ្គូស្តាវ៉ូ ប៉េត្រូ (Gustavo Petro) បានសម្តែងការចូលរួមរំលែកទុក្ខ ចំពោះសោកនាដកម្មនេះ ហើយលោកបានកត់សម្គាល់ថា កន្លងមកក៏ធ្លាប់មានហេតុការណ៍ស្រដៀងៗគ្នា កើតឡើងផងដែរ។

គួរបញ្ជាក់ថា កាលពីឆ្នាំ១៩៨០ កន្លែងឈរទស្សនាពិធីគោជល់បានដួលរលំ នៅឯទីក្រុង ស៉ីនសេលេចូ (Sincelejo) ដែលបានផ្តាច់ជីវិត មនុស្សរាប់រយនាក់ ខណៈនៅឆ្នាំ១៩៨៩ ការបាក់ស្រុតកន្លែងឈរទស្សនាព្រឹត្តិការណ៍ដូចគ្នា នៅក្រុងហុនដា (Honda) ក្បែរទីក្រុងបូហ្គោតា បានសម្លាប់មនុស្ស៨នាក់ និងបង្កឱ្យរបួស២០០នាក់។ ក្រោយមកនៅឆ្នាំ២០០៦ ហេតុការណ៍ស្រដៀងគ្នាដដែល បានបង្កឱ្យមនុស្សរាប់សិបនាក់រងបួស នៅក្រុងមួយកន្លែង ដែលមិនឆ្ងាយប៉ុន្មានពីទីក្រុង អ៊ែល អេស្ពីណាល់។ រីឯនៅឆ្នាំ២០១៣ សត្វគោបានរត់ជល់ហ្វូងអ្នកទស្សនា នៅក្រុងឈ្មោះ អាចូណា (Arjona) ដែលបណ្តាលឱ្យបុរស២នាក់ស្លាប់៕