(ហាណូយ)៖ ក្រសួងសុខាភិបាលវៀតណាម នៅថ្ងៃអាទិត្យនេះ បានប្រកាសរកឃើញករណីឆ្លងថ្មីៗ នៃជំងឺកូវីដ១៩ចំនួន ៥៥៧ករណីទៀត ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារពត៌មាន Viet Nam News នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២។

រដ្ឋធានីហាណូយ ដែលបច្ចុប្បន្នជាចំណុចកណ្តាល នៃការផ្ទុះរីករាលដាលជំងឺនេះ បានរ៉ាប់រងសម្រាប់ករណីឆ្លងថ្មីៗប្រចាំថ្ងៃនេះចំនួន ១៧៧ករណី។ ចំណែក ខេត្តដែលមានករណីឆ្លងច្រើនដែរនោះគឺរួមមានដូចជា ខេត្ត Bắc Ninh មានចំនួន៣២ករណី និងខេត្ត Phú Thọ ចំនួន២៦ករណី។

ទោះជាយ៉ាងណាក្នុងរបាយការណ៍ថ្ងៃអាទិត្យនេះ វៀតណាមពុំបានរកឃើញករណីអ្នកស្លាប់ថ្មីទេ។

គិតត្រឹមថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២នេះ វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសចំនួន ១០,៧៤៣,៤៤៨នាក់ ក្នុងនោះអ្នកជំងឺជាសះស្បើយចំនួន ៩,៦៤៩,៨១៤នាក់ និងស្លាប់សរុបចំនួន ៤៣,០៨៤នាក់៕