(ប៉ារីស)៖ លទ្ធផលសិក្សាស្រាវជ្រាវទ្រង់ទ្រាយធំមួយ ដែលចេញផ្សាយនៅថ្ងៃសុក្រនេះ បានរកឃើញថា វ៉ាក់សាំងបង្ការជំងឺ COVID-19 បានជួយទប់ស្កាត់ការបាត់បង់ជីវិត នៃមនុស្សជិត ២០លាននាក់ ក្នុងរយៈពេល១ឆ្នាំដំបូង បន្ទាប់ពីពួកវាត្រូវបានប្រើប្រាស់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២៤ ខែមិថុនា ឆ្នាំ២០២២។

ការសិក្សាខាងលើ ដែលចេញផ្សាយនៅក្នុងទស្សនាវដ្តីវេជ្ជសាស្រ្តអន្តរជាតិ ដឹ លែនសិត (The Lancet) គឺផ្អែកទៅលើទិន្នន័យមកពី ប្រទេសនិងដែនដីចំនួន១៨៥ ដែលប្រមូលបានក្នុងចន្លោះថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០ និងថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១។ វាគឺជាការសិក្សាលើកដំបូងបំផុត ដែលបានព្យាយាមប៉ាន់ស្មានអំពីតួលេខមនុស្សស្លាប់ ដែលត្រូវបានទប់ស្កាត់ដោយផ្ទាល់ ឬប្រយោល តាមរយៈការចាក់វ៉ាក់សាំង COVID-19។

លទ្ធផលនៃការសិក្សាបានបង្ហាញថា ការស្លាប់នៃមនុស្សចំនួន ១៩.៨លាននាក់ ត្រូវបានទប់ស្កាត់ ក្នុងចំណោមតួលេខអ្នកស្លាប់សរុបចំនួន ៣១.៤លាននាក់ ដែលអាចកើតឡើង ប្រសិនបើគ្មានវត្តមានវ៉ាក់សាំងដើម្បីបង្ការ COVID-19 ទេនោះ។ ការសិក្សាក៏បានរកឃើញទៀតថា ប្រទេសមានចំណូលមធ្យមនិងខ្ពស់ រ៉ាប់ច្រើនជាងគេនៃចំនួនអ្នកស្លាប់ ដែលត្រូវបានទប់ស្កាត់គឺ ១២.២លាននាក់ ក្នុងចំណោម ១៩.៨លាននាក់។ ប្រការនេះគឺឆ្លុះបញ្ចាំងឱ្យឃើញពីវិសមភាព នៃការទទួលបានវ៉ាក់សាំង នៅជុំវិញពិភពលោក។

ការសិក្សាដដែលបានសន្និដ្ឋានថា ចំនួនអ្នកស្លាប់ប្រហែលជិត ៦០០,០០០នាក់ទៀត ក៏អាចត្រូវទប់ស្កាត់ផងដែរ ប្រសិនបើគោលដៅរបស់ អង្គការសុខភាពពិភពលោក (WHO) ដែលចង់ឱ្យប្រទេសនីមួយៗ ចាក់វ៉ាក់សាំងប្រជាជនឱ្យបានយ៉ាងហោច ៤០ភាគរយ នៅមុនដំណាច់ឆ្នាំ២០២២ ត្រូវសម្រេចបាន។

គួរបញ្ជាក់ថា យោងតាមតួលេខផ្លូវការរបស់ WHO ជំងឺ COVID-19 បានផ្តាច់ជីវិតមនុស្សសរុបច្រើនជាង ៦.៣លាននាក់ នៅទូទាំងពិភពលោក ប៉ុន្តែ WHO ផ្ទាល់ បានលើកឡើងកាលពីខែឧសភាកន្លងទៅថា តួលេខជាក់ស្តែងអាចខ្ពស់រហូតដល់ ១៥លាននាក់ឯណោះ៕