(ប៉េកាំង)៖ យប់ថ្ងៃទី ២២ ខែមិថុនា លោក Xi Jinping ប្រធានរដ្ឋចិនបានអញ្ជើញចូលរួមពិធីសម្ពោធ វេទិកាឧស្សាហកម្មនិងពាណិជ្ជកម្មប្រទេស BRICS តាមប្រព័ន្ធវីដេអូ និងបានថ្លែងសុន្ទរកថាក្រោមចំណងជើងថា «ប្រកាន់ខ្ជាប់ចរន្តយុគសម័យ បង្កើតអនាគតដ៏ភ្លឺស្វាង»

លោក Xi Jinping បានលើកឡើងថា «មហាទន្លេនៃប្រវត្តិសាស្រ្តហូរទៅមុខជានិច្ច។ និន្នាការប្រវត្តិសាស្ត្រដែលបើកទូលាយ និងអភិវឌ្ឍមិនដែលកែប្រែទេ។ យើងគួរប្រឈមមុខនឹងបញ្ហាដោយអង់អាចក្លាហាន ដើម្បីបន្តបោះជំហានឈានទៅរក គោលដៅនៃការបង្កើតសហគមន៍រួមវាសនានៃមនុស្សជាតិ។ យើងត្រូវសាមគ្គីគ្នានិងធ្វើកិច្ចសហប្រតិបត្តិការ ដើម្បីគាំពារសន្តិសុខនិងស្ថិរភាពនៃពិភពលោក ជំរុញការអភិវឌ្ឍជានិរន្តរភាព និងជាសកលជាមួយគ្នា សម្រេចកិច្ចសហប្រតិបត្តិការនិងឈ្នះ-ឈ្នះជាមួយគ្នា ក៏ដូចជារួមគ្នាពង្រីកការបើកទូលាយនិងការចុះចម្រុងគ្នា»

លោក Xi Jinping បានគូសបញ្ជាក់ថា ពីដើមឆ្នាំមក ប្រទេសចិនបានការពារអាយុជីវិត និងសុខភាពរបស់ប្រជាជនដោយពេញទំហឹង និងបានរក្សាសភាពការណ៍មូលដ្ឋាននៃ ការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមកិច្ច ក្នុងកម្រិតធំបំផុត។ នៅឆមាសទីពីរខាងមុខនេះ យើងនឹងបើកធ្វើសមាជបក្សកុម្មុយនីស្តចិនលើកទី ២០ ដែលនឹងគូរផ្លង់ផែនទីបង្ហាញផ្លូវខាងការអភិវឌ្ឍដំណាក់កាលបន្ទាប់របស់ចិន។ ប្រទេសចិននឹងខិតខំសម្រេច ការអភិវឌ្ឍប្រកបដោយគុណភាពខ្បស់ ក៏ដូចជាបន្តលើកកម្ពស់កម្រិតបើកទូលាយ ជាមួយអន្តរជាតិផងដែរ។

គួរបញ្ជាក់ថា នៅថ្ងៃទី២២ ខែមិថុនា វេទិកាឧស្សាហកម្មនិងពាណិជ្ជកម្មប្រទេស BRICS ប្រចាំឆ្នាំ ២០២២ បានធ្វើឡើងតាមអនឡាញ និងនៅកន្លែងប្រជុំនៅទីក្រុងប៉េកាំង។ ប្រធានាធិបតីអាហ្វ្រិកខាងត្បូង ប្រេស៊ីល រុស្ស៊ីនិងនាយករដ្ឋមន្ត្រីឥណ្ឌាបានអញ្ជើញចូលរួម ពិធីសម្ពោធនិងថ្លែងសុន្ទរកថាដោយឡែកពីគ្នា៕