(ប៉េកាំង)៖ កិច្ចខិតខំប្រឹងប្រែងរបស់បក្សកុម្មុយនីស្តចិន និងរដ្ឋាភិបាលចិនក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅនេះ សម្រេចបានលទ្ធផលដ៏ល្អគួរឲ្យកោតសសើរ។ ការប្រយុទ្ធប្រឆាំងអំពើពុករលួយ គឺជារឿងស្មុគ្រស្មាញនិងជួបប្រទះនូវឧបសគ្គជាច្រើន ដែលធ្វើឲ្យយុទ្ធនាការប្រយុទ្ធប្រឆាំងអំពើពុករលួយនានា កម្រនឹងទទួលជោគជ័យ។ នៅក្នុងបរិបទបែបនេះ បទពិសោធន៍នៃការបង្ក្រាបអំពើពុករលួយប្រកបដោយប្រសិទ្ធភាពដោយ រដ្ឋាភិបាលចិន ពិតជាទាក់ទាញនូវការចាប់អារម្មណ៍យ៉ាងខ្លាំង ពីប្រទេសនានានៅជុំវិញពិភពលោក ដោយបទពិសោធន៍របស់ប្រទេសចិននេះ អាចធ្វើជាគំរូនៃការប្រយុទ្ធប្រឆាំងអំពើពុករលួយ ដែលប្រទេសនានាអាចរៀនសូត្រ និងយកទៅអនុវត្តនៅក្នុងប្រទេសរបស់ខ្លួន។

កត្តាដ៏ចម្បងដែលធ្វើឲ្យយុទ្ធនាការប្រឆាំង អំពើពុករលួយរបស់ប្រទេសចិន ទទួលបានជោគជ័យ គឺឆន្ទៈមោះមុតដាច់ខាតរបស់បក្សកុម្មុយនីស្តចិននិងរដ្ឋាភិបាលចិន ក្នុងការលុបបំបាត់អំពើពុករលួយ។ បក្សកុម្មុយនីស្តចិន បានប្រកាសជាសាធារណៈថា អាទិភាពចម្បងរបស់បក្សនិងរដ្ឋាភិបាល គឺការប្រយុទ្ធប្រឆាំងអំពើពុករលួយ និងបានប្រកាន់យកគោលវិធីដែលមានលក្ខណៈជាប្រព័ន្ធ ដើម្បីលុបបំបាត់អំពើពុករលួយ។ ការលុបបំបាត់អំពើពុករលួយ គឺជាមូលដ្ឋានគ្រឹះដែលធានាថា ប្រទេសចិនអាចនឹងសម្រេចជោគជ័យ នូវគោលដៅប្រចាំសតវត្សរ៍ទាំងពីររបស់ខ្លួន។

លោក Xi Jinping ដែលជាអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាប្រធានរដ្ឋចិន ធ្លាប់មានប្រសាសន៍ដោយសង្កត់ធ្ងន់ទៅលើការប្ដេជ្ញាចិត្តមោះមុត និងដាច់ខាតរបស់ប្រទេសចិនក្នុងការពង្រឹង និងបង្កើនការត្រួតពិនិត្យកម្មាភិបាលបក្ស និងមន្ត្រីក្នុងជួរដ្ឋាភិបាល ដែលប្រសាសន៍នេះ សបញ្ជាក់ថា ប្រទេសចិនមានឆន្ទៈមោះមុតក្នុងការលុបបំបាត់អំពើពុករលួយ និងប្រកាន់យកនូវគោលជំហរ មិនអត់ឱនដាច់ខាតចំពោះអំពើពុករលួយ។ ដោយសារតែការប្ដេជ្ញាចិត្តដ៏មោះមុតរបស់បក្សកុម្មុយនីស្តចិន និងរដ្ឋាភិបាលចិន វប្បធម៌មិនអត់ឱនដាច់ខាតចំពោះអំពើពុករលួយ បានរីកសាយភាយនិងចាក់ឬសយ៉ាងរឹងមាំ នៅក្នុងផ្នត់គំនិតរបស់ប្រជាជនចិន និងធ្វើឲ្យប្រជាជនចិនទាំងអស់គាំទ្រយ៉ាងខ្លាំងក្លា ចំពោះយុទ្ធនាការប្រយុទ្ធប្រឆាំងអំពើពុករលួយ។

ទន្ទឹមគ្នានេះ រដ្ឋាភិបាលចិន ធ្វើការស៊ើបអង្កេតយ៉ាងតឹងរ៉ឹងទៅលើគ្រប់មន្ត្រី ដែលត្រូវសង្ស័យថាបានប្រព្រឹត្តអំពើពុករលួយទាំងអស់ ដោយពុំមានការលើកលែង និយាយម្យ៉ាងទៀត ទាំងមន្ត្រីជាន់ខ្ពស់និងមន្ត្រីថ្នាក់ទាប ដែលត្រូវសង្ស័យថាបានប្រព្រឹត្តអំពើពុករលួយ នឹងត្រូវស៊ើបអង្កេតយ៉ាងម៉ត់ចត់ដោយពុំមានការលើកលែង។ ទន្ទឹមនឹងនេះ ដើម្បីធានាថាអ្នកប្រព្រឹត្តអំពើពុករលួយ នឹងមិនអាចរត់គេចខ្លួនផុតពីប្រព័ន្ធយុត្តិធម៌របស់ចិន រដ្ឋាភិបាលចិនបានអនុវត្តប្រតិបត្តិការ «ប្រមាញ់ចចក» (Fox Hunt) និងប្រតិបត្តិការ «សំណាញ់មេឃ» (Sky Net) ប្រកបដោយប្រសិទ្ធភាព ដើម្បីតាមចាប់ខ្លួនមន្ត្រីពុករលួយ ដែលបានរត់គេចខ្លួនទៅរស់នៅឯបរទេស។

ជាឧទាហរណ៍ ស្ថិតិដែលត្រូវបានចេញផ្សាយដោយ គណៈកម្មាធិការមជ្ឈិមសម្រាប់ការត្រួតពិនិត្យផ្នែកវិន័យ ដែលជាស្ថាប័នកំពូលរបស់ប្រទេសចិន ដែលទទួលបន្ទុកប្រយុទ្ធប្រឆាំងអំពើពុករលួយ បានបង្ហាញថា នៅក្នុងឆ្នាំ២០២០កន្លងទៅ អ្នកប្រព្រឹត្តអំពើពុករលួយ ដែលបានរត់គេចខ្លួន ទៅរស់នៅឯបរទេសចំនួន ១,៤២១នាក់ ត្រូវបានចាប់ខ្លួននឹងត្រូវបញ្ជូន ត្រឡប់មកកាន់ប្រទេសចិនវិញនៅក្នុងប្រតិបត្តិការទាំងពីរនេះ ហើយទឹកប្រាក់នៃការប្រព្រឹត្តអំពើពុករលួយ ចំនួនជាង៤៥០លានដុល្លារអាមេរិក ត្រូវបានរឹបអូសយកត្រឡប់មកវិញ។

និយាយជារួម ប្រតិបត្តិការទាំងពីរនេះ មានតួនាទីដ៏សំខាន់ក្នុងការបន្ទុចបង្អាក់រារាំងមន្ត្រីនានាកុំឲ្យមានបំណងប្រព្រឹត្តអំពើពុករលួយ ដែលនេះគឺជាកត្តាដ៏សំខាន់មួយដែលធ្វើឲ្យយុទ្ធនាការប្រយុទ្ធប្រឆាំង អំពើពុករលួយនៅក្នុងប្រទេសចិន ទទួលបានជោគជ័យគួរឲ្យកត់សម្គាល់។ ប្រទេសនានាដែលកំពុងជួបប្រទះបញ្ហាដ៏ស្មុគ្រស្មាញនេះ និងមានបំណងលុបបំបាត់អំពើពុករលួយនៅក្នុងប្រទេសរបស់ខ្លួន អាចរៀនសូត្រពីបទពិសោធន៍ជោគជ័យរបស់ប្រទេសចិន និងយកបទពិសោធន៍ទាំងនេះ ទៅអនុវត្តនៅក្នុងប្រទេសរបស់ខ្លួន៕

វិទ្យុមិត្តភាពកម្ពុជាចិន