(វ៉ាស៊ីនតោន)៖ ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក ជេក ស៊ូលីវ៉ាន (Jake Sullivan) បានធ្វើតេស្ដវិជ្ជមានកូវីដ១៩ នៅថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ តែមួយ សប្ដាហ៍ប៉ុណ្ណោះ មុននឹងរូបលោកត្រូវអមដំណើរលោកប្រធានាធិបតី ចូ បៃដិន ចូលរួមកិច្ចប្រជុំ G7។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី១៩ ខែមិថុនា ឆ្នាំ២០២២។

បើតាមអ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិក លោកស្រី អាឌ្រីយែន វ៉ាត់សុន (Adrienne Watson) លោក ជេក ស៊ូលីវ៉ាន មិនបានប៉ះពាល់ដោយផ្ទាល់ ជាមួយលោក ចូ បៃដិនឡើយ ហើយលោកឆ្លងកូវីដ១៩ មិនចេញរោគសញ្ញា និងជាការឆ្លងលើកដំបូងបំផុតរបស់លោក។ លោកស្រី វ៉ាត់សុន បានបន្ថែមថា លោក ស៊ូលីវ៉ាន បានជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសសេណេហ្កាល់ កាលពីថ្ងៃសុក្រនៅឯសេតវិមាន និងបានជួបអ្នកការទូតកំពូលចិន លោក យ៉ាង ជីឈី (Yang Jiechi) ក្នុងប្រទេសលុចសំបួ កាលពីថ្ងៃចន្ទដើមសប្ដាហ៍កន្លងទៅនេះ។

គួរបញ្ជាក់ថា ភា្លមៗខាងសេតវិមាន មិនបានបញ្ជាក់ថាតើការឆ្លងកូវីដ១៩នេះ នឹងប៉ះពាល់ដល់ផែនការធ្វើដំណើររបស់លោក ស៊ូលីវ៉ាន ដែរក៏យ៉ាងណានោះទេ ខណៈលោក ចូ បៃដិន ត្រូវបានគេរាយការណ៍ថានឹងត្រូ វចូលរួមកិច្ចប្រជុំកំពូល G7 ក្នុងប្រទេសអាល្លឺម៉ង់ និងប្រជុំកំពូលណាតូ ក្នុងប្រទេសអេស្ប៉ាញ នៅចុងខែមិថុនានេះ៕