(ស៉ីដនី)៖ ប្រជាជននៅក្នុងទីក្រុងស៉ីដនី នៃប្រទេសអូស្រ្តាលី កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ត្រូវបានណែនាំឲ្យប្រើប្រាស់ ថាមពលដោយសន្សំសំចៃ តាមដែលអាចធ្វើទៅបាន នៅកំលុងពេលល្ងាច ដើម្បីចៀសវាងការដាច់ចរន្តអគ្គិសនី។ នេះបើតាមការដកស្រង់ការផ្សាយ ចេញពីទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី១៨ ខែមិថុនា ឆ្នាំ២០២២។

ក្រុមហ៊ុនប្រតិបត្តិករទីផ្សារថាមពលអូស្ត្រាលីបាននិយាយថា មិនទាន់អាចព្យាករអំពីពេលវេលា ដែលទីផ្សារនឹងដំណើរការជាធម្មតាឡើងវិញ នៅឡើយទេ ប៉ុន្តែក្រុមហ៊ុនបានបញ្ជាក់ថា បរិមាណថាមពលបម្រុង នៅក្នុងរដ្ឋញូសៅវែល (New South Wales) គឺមានភាពប្រសើរឡើងជាបណ្តើរៗហើយ។

ក្នុងសន្និសីទសារព័ត៌មានមួយតាមទូរទស្សន៍ រដ្ឋមន្រ្តីថាមពលអូស្រ្តាលី លោក គ្រីស បូវេន (Chris Bowen) បានប្រាប់ពលរដ្ឋឲ្យសន្សំសំចៃថាមពល លើកលែងតែការប្រើឧបករណ៍ផ្តល់កំដៅ។ លោករដ្ឋមន្រ្តីបាននិយាយដូច្នេះថា «យើងមានទំនុកចិត្តថាយើងអាចចៀសវាងការដាច់ភ្លើងបាន ប្រសិនបើយើងអាចជ្រើសរើស កុំប្រើឧបរកណ៍មួយចំនួន នៅចន្លោះម៉ោង៦ល្ងាច ដល់ម៉ោង៨យប់»។

បើតាមលោក Bowen ការដាច់ចរន្តអគ្គិសនី ទំនងជាអាចកើតឡើងកំលុងពេលល្ងាច នៅពេលដែលថាមពល បានមកពីរោងចក្រផលិតអគ្គិសនី ដោយប្រើពន្លឺថាមពលព្រះអាទិត្យនិងថាមពលខ្យល់ធ្លាក់ចុះ ហើយមនុស្សម្នានាំគ្នាចេញពីធ្វើការ រួចបើកឧបករណ៍ប្រើប្រាស់របស់ពួកគេនៅឯផ្ទះ។

គួរបញ្ជាក់ថា ការផ្អាកទីផ្សារអគ្គិសនី ដែលមិនធ្លាប់មានពីមុនមកសម្រាប់ប្រទេសអូស្ត្រាលី គឺជាចំណាត់ការបន្ទាន់ចុងក្រោយបំផុត ដើម្បីដោះស្រាយវិបត្តិថាមពល ដែលបានចាប់ផ្តើមកាលពីក្នុងខែឧសភា។ បច្ចុប្បន្ននេះ ជាងមួយភាគបួននៃថាមពលអគ្គិសនី ដែលផលិតដោយធ្យូងថ្មរបស់ប្រទេសអូស្រ្តាលី គឺមិនដំណើរការឡើយ៕