(មូស្គូ)៖ បើតាមការដកស្រង់សម្តីមន្ត្រីរដ្ឋាភិបាលក្នុងតំបន់ដោយទីភ្នាក់ងារសារព័ត៌មានរុស្ស៉ី RIA នៅថ្ងៃអង្គារនេះ បានឱ្យដឹងថារដ្ឋបាលដែលបង្កើតថ្មីដោយ រុស្ស៉ីនៃតំបន់ ឃឺសាន់ (Kherson) ភាគខាងត្បូងប្រទេសអ៊ុយក្រែន នឹងស្នើឱ្យទីក្រុងមូស្គូ បង្កើតមូលដ្ឋានយោធានៅលើទឹកដីរបស់ខ្លួន។ នេះបើយោងតាម ការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២៤ ខែឧសភា ឆ្នាំ២០២២។

រុស្ស៉ី បានចូលឈ្លានពានលើអ៊ុយក្រែនកាលពីខែកុម្ភៈកន្លងទៅនេះ ដោយបានវាយដណ្តើមគ្រប់គ្រងតំបន់ Kherson ដែលស្ថិតនៅជាប់នឹងឧបទ្វីបគ្រីមៀ (Crimea) ដែលទីក្រុងមូស្គូ បានក្រសោបយកតាំងពីឆ្នាំ២០១៤មកម៉្លេះ។ រុស្ស៉ីបានបង្កើតរដ្ឋបាលថ្មីនៅទីនោះ ហើយបានចាប់ផ្តើមណែនាំឱ្យប្រើរូបិយប័ណ្ណ រូប្លិ៍របស់រុស្ស៉ី។

លោក គីរីល ស្រ្តេមូសូវ (Kirill Stremousov) អនុប្រធាននៃរដ្ឋបាលតំបន់ Kherson បានគូសបញ្ជាក់ប្រាប់ទីភ្នាក់ងារសារព័ត៌មានរុស្ស៉ី RIA ថា «វាគួរតែមាន មូលដ្ឋានយោធារុស្ស៉ីនៅក្នុងតំបន់ Kherson។ យើងនឹងស្នើសុំរឿងនេះ ហើយនេះគឺជាអ្វីដែលប្រជាជនទាំងមូលចង់បាន។ នេះគឺជាការចាំបាច់ ហើយនឹងក្លាយ ជាអ្នកធានាសន្តិសុខសម្រាប់តំបន់ និងប្រជាជនទាំងមូល»

គួរបញ្ជាក់ថា រុស្ស៉ីបានហៅសង្រ្គាមនៅអ៊ុយក្រែនសព្វថ្ងៃថាជាប្រតិបត្តិការយោធាពិសេស តែលោកខាងលិច និងអ៊ុយក្រែនចាត់ទុកថាការឈ្លានពាន ដែលបាន បណ្ដោយមនុស្សរាប់ពាន់នាក់បាត់បង់ជីវិត និងរងរបួស ហើយរាប់លាននាក់ក្លាយជាជនភៀសខ្លួន៕