(តូក្យូ)៖ មេដឹកនាំទាំង ៤ រូប នៃក្រុមប្រទេស ក្វាដ (Quad) នៅថ្ងៃអង្គារនេះ បានប្តេជ្ញាធ្វើការរួមគ្នា ដើម្បីឥណ្ឌូ-ប៉ាស៊ីហ្វិកសេរី និងបើកចំហ (free and open Indo-Pacific) កំលុងពេលចាប់ផ្តើមកិច្ចពិភាក្សា ហើយថែមទាំងប្តេជ្ញាលើការដោះស្រាយការប្រែប្រួលអាកាសធាតុផងដែរ។ នេះបើយោងតាមការចុះផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២៤ ខែឧសភា ឆ្នាំ២០២២។

ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន និងមេដឹកនាំអូស្រ្តាលី, ឥណ្ឌា និងជប៉ុន បានចាប់ផ្តើមកិច្ចពិភាក្សាដោយផ្តោតសំខាន់លើការកើនឡើង នៃឥទ្ធិពលរបស់ ប្រទេសចិន ក៏ដូចជាការត្រួសត្រាយផ្លូវលើភាពខ្វែងគំនិតគ្នាចំពោះបញ្ហាមួយចំនួន រួមទាំងរុស្ស៊ីផងដែរ។ ប៉ុន្តែ ឥណ្ឌាក្នុងនាមជាសមាជិកក្វាដ បានធ្វើឱ្យអាមេរិក ខកចិត្ត ដោយទីក្រុងញូដេលីមិនបានចូលរួមក្នុងការដាក់ទណ្ឌកម្ម និងការថ្កោលទោសការឈ្លានពានរបស់រុស្ស៊ី លើអ៊ុយក្រែនោះទេ។

តែទោះជាបែបនេះក្ដី ក្រុមមន្ត្រីលោកខាងលិច បានសម្រេចចិត្តជំរុញដល់នាយករដ្ឋមន្រ្តីឥណ្ឌា ពិចារណាលើបញ្ហានេះដោយសន្សឹមៗ ជំនួសឱ្យការសង្កត់ធ្ងន់ លើទស្សនៈរួមគ្នារបស់ពួកគេលើប្រទេសចិន ដែលទីក្រុងវ៉ាស៊ីនតោនចាត់ទុកជាបញ្ហាប្រឈមរយៈពេលវែង ជាងបញ្ហារុស្ស៊ី។

បើតាមក្រុមមន្រ្តីអាមេរិក, គោលបំណងមួយទៀតដែលទីក្រុងវ៉ាស៊ីនតោន នឹងដាក់ចូលទៅក្នុងកិច្ចប្រជុំ Quad គឺការស្វែងរកវិធីសាស្រ្តាដើម្បីកាត់ផ្តាច់ឥណ្ឌា ចេញពីការពឹងផ្អែកលើការទិញសម្ភារ ឬបរិក្ខារយោធាពីរុស្ស៊ី តាមរយៈការផ្តល់ជំនួយផ្នែកការពារជាតិ ក៏ដូចជាការគាំទ្រផ្សេងទៀតដល់ឥណ្ឌា ដើម្បីពន្លឿន ការផ្លាស់ប្តូរនេះ។ រីឯ ទីក្រុងញូដែលលី ក៏បានឲ្យដឹងនៅថ្ងៃចន្ទសប្តាហ៍នេះថា សហរដ្ឋអាមេរិកកំពុងពិចារណាផ្តល់ការវិនិយោគចំនួន ៤ពាន់លានដុល្លារបន្ថែម លើការវិនិយោគដែលមានស្រាប់ ខណៈភាគីទាំងពីរបានចុះហត្ថលេខាលើការផលិតវ៉ាក់សាំងកូវីដ ១៩, ការថែទាំសុខភាព, ថាមពលកកើតឡើងវិញ, ការដាក់បញ្ចូលជំនួយហិរញ្ញវត្ថុ និងហេដ្ឋារចនាសម្ព័ន្ធ។

គួរបញ្ជាក់ថា មេដឹកនាំ Quad បានយល់ស្របភាគច្រើនថា ស្ថានភាពនៅអ៊ុយក្រែន គឺជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សណ្តាប់ធ្នាប់អន្តរជាតិ ខណៈប្រទេស Quad កំពុងពិចារណាលើការពង្រឹងខ្លួនឯង មុននឹងទទួលយកសមាជិកផ្សេងទៀត ដូចជាប្រទេសកូរ៉េខាងត្បូង ដែរឬយ៉ាងណា។ ដោយឡែក បញ្ហាតៃវ៉ាន់ មិនស្ថិតនៅលើរបៀបវារៈសំខាន់នៃកិច្ចប្រជុំ Quad លើកនេះនោះទេ ប៉ុន្តែលោក បៃដិន ប្រកាសពីផ្ដល់ការគាំទ្រផ្នែកយោធាដល់កោះនេះ នៅក្នុងករណីមាន ការវាយប្រហារពីចិន៕