(ឡុងដ៍)៖ រុស្ស៉ី កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ បានឱ្យដឹងថាគិតមកទល់នឹងពេលនេះ ខ្លួនបានហាមពលរដ្ឋអាមេរិកចំនួន ៩៦៣នាក់ ក្នុងនោះរួមមានទាំង ប្រធានាធិបតី លោក ចូ បៃដិន និងមន្ត្រីកំពូលៗរបស់សហរដ្ឋអាមេរិកជាច្រើនរូប ចូលមកក្នុងប្រទេសខ្លួន ហើយថានឹងបន្តចាត់វិធានការសងសឹកប្រឆាំងនឹងអ្វី ដែលទីក្រុងមូស្គូ ហៅថាជាសកម្មភាពអរិភាពពីសំណាក់ទីក្រុងវ៉ាស៊ីនតោន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី២២ ខែឧសភា ឆ្នាំ២០២២។

ការប្រកាសដាក់ចេញបម្រាមធ្វើដំណើរ ត្រូវបានក្រុមអ្នកវិភាគចាត់ទុកថាជាផ្នែកមួយនៃការធ្លាក់ចុះដុនដាបនៃទំនាក់ទំនងការទូតរវាងរុស្ស៉ី និងលោកខាងលិច ចាប់តាំងពីសង្រ្គាមនៅអ៊ុយក្រែនផ្ទុះឡើង កាលពីថ្ងៃទី២៤ ខែកុម្ភៈមក។ រុស្ស៉ីបានហៅសង្រ្គាមនៅអ៊ុយក្រែនថាជាប្រតិបត្តិការពិសេស រីឯសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តលោកខាងលិចហៅថាជាការឈ្លានពាន ហើយក៏បានប្រកាសដាក់ទណ្ឌកម្មសេដ្ឋកិច្ចប្រឆាំងនឹងទីក្រុងមូស្គូផងដែរ ខណៈកំពុងផ្ដល់ជំនួយយ៉ាង ច្រើនសន្ធាប់ដល់អ៊ុយក្រែន។

នៅក្នុងសេចក្ដីថ្លែងការណ៍ដាច់ដោយឡែករបស់ខ្លួន, ក្រសួងការបរទេសរុស្ស៉ី ក៏បានឱ្យដឹងដែរថាទីក្រុងមូស្គូ បានបញ្ចូលឈ្មោះពលរដ្ឋកាណាដា ២៦នាក់ថ្មី ទៀត ទៅក្នុងបញ្ជីខ្មៅហាមចូលប្រទេសរុស្ស៉ី ក្នុងនោះរួមមានរដ្ឋមន្ត្រីការពារជាតិ, នាយកប្រតិបត្តិក្រុមហ៊ុនផលិតអាវុធ និងលោកស្រី សូហ្វី ក្រេហ្គ័រ ឌ្រូដូ (Sophie Gregoire Trudeau) ដែលជាភរិយានាយកដ្ឋមន្ត្រីកាណាដា លោក ចាស្ទីន ឌ្រូដូ ផងដែរ។ ចំណាត់ការរបស់រុស្ស៉ីបែបនេះធ្វើឡើង បន្ទាប់ពីកាណាដា ប្រកាសពីសេចក្ដីព្រាងច្បាប់ថ្មីមួយដែលនឹងហាមប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន រួមទាំងមនុស្ស ១,០០០នាក់មកពីរដ្ឋាភិបាលរបស់លោក ពូទីន និងយោធារុស្ស៉ី ចូលប្រទេសកាណាដា។

គួរបញ្ជាក់ថា ជាការឆ្លើយទៅនឹងការដាក់ទណ្ឌកម្មពីសំណាក់បណ្ដាប្រទេសលោកខាងលិច, រុស្ស៉ីក៏បានហាមឃាត់លោក ចាស្ទីន ឌ្រូដូ, រដ្ឋមន្ត្រីការបរទេសកាណាដា លោកស្រី គ្រីស្ទីយ៉ា ហ្វ្រីលែន (Chrystia Freeland) រួមទាំងពលរដ្ឋកាណាដារាប់រយនាក់ ចូលមកក្នុងប្រទេសរបស់ខ្លួនផងដែរ៕