(កៀវ)៖ អ៊ុយក្រែន បានច្រានចោលបទឈប់បាញ់ ឬការផ្ដល់សម្បទានណាមួយដល់ទីក្រុងមូស្គូ ខណៈទាហានរុស្ស៉ីកំពុងបង្កើនការវាយលុកនៅក្នុងតំបន់ ដុនបាស់ ស្ថិតនៅភាគខាងកើតនៃប្រទេស និងបញ្ឈប់ការផ្គត់ផ្គង់ឧស្ម័នដល់ហ្វាំងឡង់ ក្រោយបដិសេធបង់ថ្លៃទិញឧស្ម័នជាប្រាក់រូប្លិ៍។ នេះបើតាមការចេញ ផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី២២ ខែឧសភា ឆ្នាំ២០២២។

នៅក្នុងសុន្ទរថាមួយកាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ, ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានទទួលស្គាល់ថាស្ថានភាពនៅក្នុងតំបន់ដុនបាស់ គឺពិតជាលំបាកជាទីបំផុត ដោយទាហានរុស្ស៉ីកំពុងវាយប្រហារលើទីតាំងជាច្រើនកន្លែងនៅក្នុងទីក្រុង ស្លូវៀនស្កិ៍ (Sloviansk) និងទីក្រុង ស៊ីវីយ៉េរ៉ូដូញេត (Sievierodonetsk)។ ប៉ុន្តែ បើតាមលោក ហ្សេលេនស្គី ទាហានអ៊ុយក្រែនក៏កំពុងវាយទប់ទល់យ៉ាងនឹងការវាយប្រហារពីសំណាក់ទាហានរុស្ស៉ីផងដែរ។

ដោយឡែក ទីប្រឹក្សារបស់លោក ហ្សេលេនស្គី គឺលោក មីខៃឡូ ប៉ូដូលីយ៉ាក់ (Mykhailo Podolyak) បានអះអាងនៅក្នុងកិច្ចសម្ភាសន៍ជាមួយទីភ្នាក់ងារ សារព័ត៌មាន Reuters ថាអ៊ុយក្រែននឹងមិនទទួលយកបទឈប់បាញ់ ឬកិច្ចព្រមព្រៀងណាមួយជាមួយរុស្ស៉ី ដែលមានជាប់ពាក់ព័ន្ធនឹងការបោះបង់ចោល ឬធ្វើសម្បទានទឹកដីនោះទេ។

គួរបញ្ជាក់ថា រុស្ស៉ីបានប្រកាសជ័យជម្នះទាំងស្រុងហើយលើ រោងចក្រដែកថែប អាហ្សូវស្តាល់ (Azovstal) នៅក្នុងទីក្រុង ម៉ារីយូប៉ូល (Mariupol) បន្ទាប់ពីក្រុមចុងក្រោយ នៃអ្នកប្រយុទ្ធរបស់អ៊ុយក្រែន បានទម្លាក់អាវុធចុះចាញ់។ ក្រសួងការពារជាតិរុស្ស៉ី បានឱ្យដឹងថា ទីក្រុង Mariupol ហើយនិងរោងចក្រដែកថែប Azovstal ត្រូវ «រំដោះបានទាំងស្រុង» បន្ទាប់ពី ក្រុមអ្នកប្រយុទ្ធអ៊ុយក្រែនចំនួន ៥៣១នាក់ ចុងក្រោយ បានទម្លាក់អាវុធចុះចាញ់ កាលពីថ្ងៃសុក្រសប្តាហ៍នេះ។ បើតាមលោក ហ្សេលេនស្គី ក្រុមអ្នកប្រយុទ្ធចុងក្រោយ ទទួលបានការអនុញ្ញាតពីរូបលោក ក្នុងការចាកចេញពីរោងចក្រ Azovstal៕