(ឡុងដ៍)៖ សភារុស្ស៉ី នៅថ្ងៃសុក្រនេះបានឱ្យដឹងថាខ្លួនកំពុងពិចារណាលើសេចក្ដីព្រាងច្បាប់ថ្មីមួយ ដែលមានបំណងអនុញ្ញាតឱ្យ ប្រជាជនរុស្ស៉ីមានអាយុ ៤០ឆ្នាំឡើងទៅ និងជនបរទេសមានអាយុ ៣០ឆ្នាំឡើងទៅ អាចចុះឈ្មោះចូលបម្រើការក្នុងជួរកងទ័ពរុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២០ ខែឧសភា ឆ្នាំ២០២២។

នៅក្នុងសេចក្ដីថ្លែងការណ៍មួយបង្ហោះលើគេហទំព័ររបស់ខ្លួន សភាជាន់ទាបរុស្ស៉ី បានគូសបញ្ជាក់ដូច្នេះថា «ដើម្បីប្រើប្រាស់អាវុធ កំណត់គោលដៅជាក់លាក់, ប្រតិបត្តិការអាវុធ និងបរិក្ខារយោធា, អ្នកមានជំនាញដែលមានសមត្ថភាពខ្ពស់គឺជាតម្រូវការដ៏ចាំចាច់ ហើយជាបទពិសោធន៍ មនុស្សបែបនេះមានអាយុចាប់ពី៤០ ឆ្នាំ ដល់៤៥ឆ្នាំ»។

គួរបញ្ជាក់ថា បច្ចុប្បន្ន, រុស្ស៉ីអនុញ្ញាឱ្យប្រជាជនរបស់ខ្លួនមានអាយុពី ១៨ ដល់៤០ឆ្នាំ និងជនបរទេសមានអាយុពី១៨ ដល់ ៣០ឆ្នាំ អាចចុះឈ្មោះចូលបម្រើកងទ័ពបាន៕