(វ៉ាស៉ីនតោន)៖ ក្រសួងការពារជាតិអាមេរិក នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានឱ្យដឹងថា មន្រ្តីយោធាកំពូលរបស់សហរដ្ឋអាមេរិក គឺលោក ម៉ាក មៀលី (Mark Milley) បានជួបសន្ទនាគ្នាតាមទូរស័ព្ទជាមួយ សមភាគីរុស្ស៉ីរបស់លោក គឺលោក វ៉ាឡឺរី ហ្កេរ៉ាស៉ីម៉ូវ (Valery Gerasimov) ខណៈវាគឺជាកិច្ចសន្ទនាលើកដំបូងបំផុតរវាងអ្នកទាំងពីរ ចាប់តាំងពីការឈ្លានពានរបស់រុស្ស៉ី លើអ៊ុយក្រែន កាលពីខែកុម្ភៈ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២០ ខែឧសភា ឆ្នាំ២០២២។

អ្នកនាំពាក្យរបស់លោក Milley បានឱ្យដឹងថា «ប្រមុខដឹកនាំយោធាទាំងពីររូប បានជជែកគ្នាលើបញ្ហាមួយចំនួនពាក់ព័ន្ធសន្តិសុខ ហើយបានឯកភាពគ្នា រក្សាមធ្យោបាយទំនាក់ទំនងឱ្យនៅបើកចំហជានិច្ច។ ដោយស្របតាមទម្លាប់ពីមុនៗ ចំណុចលម្អិតជាក់លាក់ នៃកិច្ចសន្ទនារបស់អ្នកទាំងពីរ នឹងមិនត្រូវប្រកាសជាសាធារណៈឡើយ»។ ដោយឡែក ទីភ្នាក់ងារសារព័ត៌មានរុស្ស៉ី RIA ដែលផ្អែកលើប្រភពពីក្រសួងការពារជាតិរុស្ស៉ី បានរាយការណ៍ថា លោក Milley និង លោក Gerasimov បានពិភាក្សាអំពីបញ្ហារួម ដែលរួមមានទាំងអ៊ុយក្រែនផងដែរ។

គួរបញ្ជាក់ថា កាលពីសប្តាហ៍មុន រដ្ឋមន្រ្តីការពារជាតិអាមេរិក លោក ឡយ អូស្ទីន (Lloyd Austin) ទើបតែបានជួបពិភាក្សាតាមប្រព័ន្ធទូរស័ព្ទ ជាលើកដំបូងបំផុត ជាមួយរដ្ឋមន្រ្តីការពារជាតិរុស្ស៉ី លោក សឺហ្គៃ សូយហ្គូ (Sergei Shoigu) ដោយនាពេលនោះ លោក Austin បានអំពាវនាវឱ្យមានបទឈប់បាញ់ជាបន្ទាន់ នៅអ៊ុយក្រែន៕