(យូអិន)៖ រដ្ឋមន្រ្តីការបរទេសអាមេរិក លោក អាន់តូនី ប្លីងកិន (Antony Blinken) នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានចោទប្រកាន់រុស្ស៉ីថា កំពុងប្រើប្រាស់ស្បៀងអាហារ ធ្វើជាអាវុធនៅអ៊ុយក្រែន តាមរយៈការយកស្បៀង ដែលមិនមែនសម្រាប់តែមនុស្សរាប់លាននាក់ នៅអ៊ុយក្រែនផ្ទាល់ឡើយ គឺទាំងសម្រាប់មនុស្សរាប់លាននាក់ផ្សេងទៀតនៅជុំវិញពិភពលោក ដែលពឹងផ្អែកទៅលើការនាំចេញរបស់អ៊ុយក្រែននោះ ធ្វើជាចំណាប់ខ្មាំង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២០ ខែឧសភា ឆ្នាំ២០២២។

កំលុងកិច្ចប្រជុំមួយនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) លោក Blinken បានទទូចឱ្យរុស្ស៉ីបញ្ឈប់ការបិទខ្ទប់លើ កំពង់ផែអ៊ុយក្រែនតទៅទៀត។ លោកប្រមុខការទូតអាមេរិកលើកឡើងដូច្នេះថា «រដ្ឋាភិបាលរុស្ស៉ីហាក់កំពុងគិតថា ការប្រើប្រាស់ ស្បៀងអាហារធ្វើជាអាវុធ នឹងជួយសម្រេចនូវអ្វីដែលការឈ្លានពាន មិនអាចសម្រេចបាន គឺបំបាក់ស្មារតីរបស់អ៊ុយក្រែន។ ស្បៀងអាហារសម្រាប់ប្រជាជនអ៊ុយក្រែនរាប់លាននាក់ និងសម្រាប់មនុស្សរាប់លាននាក់ផ្សេងទៀត នៅជុំវិញពិភពលោក គឺត្រូវបានយកធ្វើជាចំណាប់ខ្មាំងដោយយោធារុស្ស៉ី»

ជាការឆ្លើយតប ឯកអគ្គរដ្ឋទូតរុស្ស៉ីប្រចាំនៅ UN លោក វ៉ាស៉ីលី ណេបេនហ្សៀ (Vassily Nebenzia) បាននិយាយថា វាគឺជារឿងមិនពិតទាល់តែសោះ ក្នុងការទម្លាក់កំហុសមកលើប្រទេសរុស្ស៉ី សម្រាប់វិបត្តិស្បៀងអាហារពិភពលោក ដែលបានលេចឡើងអស់រយៈពេលប៉ុន្មានឆ្នាំមកហើយ។ លោក Nebenzia បានចោទប្រកាន់អ៊ុយក្រែនថា បានបង្ខាំងទុកកប៉ាល់បរទេស នៅតាមកំពង់ផែរបស់ខ្លួន និងដាក់ពង្រាយមីននៅលើផ្ទៃសមុទ្រ ហើយបើតាមការអះអាងរបស់លោក Nebenzia គឺយោធារុស្ស៉ីឯណោះទេ ដែលបានព្យាយាមជាច្រើនសា ដើម្បីបើកច្រករបៀងសុវត្ថិភាព សម្រាប់កប៉ាល់នានា។

គួរបញ្ជាក់ថា នៅចំពោះមុខវិបត្តិសង្រ្គាមអ៊ុយក្រែន តម្លៃនៃគ្រាប់ធញ្ញជាតិ, ប្រេងនិងឥន្ធនៈសម្រាប់ចម្អិនអាហារ និងជីកសិកម្ម មានការកើនឡើងយ៉ាងខ្ពស់ជាសកល។ រុស្ស៉ីនិងអ៊ុយក្រែន រួមបញ្ចូលទទួលបន្ទុកជិត១ភាគ៣ នៃការផ្គត់ផ្គង់ស្រូវសាលីទូទាំងពិភពលោក។ មួយវិញទៀត អ៊ុយក្រែនក៏ជាអ្នកនាំចេញធំមួយ នៃដំណាំពោត, ស្រូវបាឡេ និង ប្រេងសម្រាប់ចម្អិនអាហារ ផងដែរ ខណៈរុស្ស៉ីហើយនិង បេឡារុសដែលជាសម្ព័ន្ធមិត្តរបស់រុស្ស៉ី រ៉ាប់រងជាង៤០ភាគរយ នៃការនាំចេញសមាសធាតុផ្សំដ៏សំខាន់មួយ នៅក្នុងជីកសិកម្មរបស់ពិភពលោក៕