(ប៉េកាំង)៖ រដ្ឋមន្រ្តីការបរទេសចិន លោក វ៉ាង យី (Wang Yi) បានព្រមានថា ការបញ្ជូនអាវុធទៅឲ្យអ៊ុយក្រែន មិនមានជាដំណោះស្រាយ ឬជាការបោះ ជំហានឆ្ពោះទៅរកសន្តិភាពនោះទេ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានជប៉ុន NHK នៅថ្ងៃសុក្រ ទី២០ ខែឧសភា ឆ្នាំ២០២២។

ការកត់សម្គាល់ខាងលើរបស់លោក វ៉ាង យី ធ្វើឡើងកំលុងពេលដែលលោកធ្វើជាប្រធាននៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃក្រុមប្រទេសប្រីជស៍ (BRICS) ដែលរួមមានប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និងអាហ្វ្រិកខាងត្បូង នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ។ ក្នុងឱកាសនោះ លោក វ៉ាង ក៏បានលើកឡើងពីបញ្ហាសន្តិសុខ របស់អឺរ៉ុបដែរ ដោយសង្កត់ធ្ងន់ថាបញ្ហានឹងមិនត្រូវបានដោះស្រាយតាមរយៈទណ្ឌកម្ម ឬការដាក់សម្ពាធឡើយ ហើយចិនគាំទ្រកិច្ចចរចាសន្តិភាពរវាងរុស្ស៉ី និងអ៊ុយក្រែន ជាមួយការជំរុញឲ្យអង្គការណាតូ (NATO) ក៏ដូចជាសហភាពអឺរ៉ុប (EU) ដឹកនាំកិច្ចសន្ទនាឲ្យបានគ្រប់ជ្រុងជ្រោយជាមួយរុស្ស៉ី។

លោកបានបន្ថែមថា ជុំវិញជម្លោះរុស្ស៉ី-អ៊ុយក្រែននេះដែរ ក្រុមប្រទេស BRICS គួរតែរក្សាឯករាជ្យភាពនៃប្រទេសរបស់ខ្លួន ដើម្បីសន្តិភាពរបស់អ៊ុយក្រែន។

គួរបញ្ជាក់ថា ប្រទេសចិន និងឥណ្ឌា មិនបានហៅសកម្មភាពរបស់រុស្ស៉ីនៅអ៊ុយក្រែនថាជាការឈ្លានពាននោះទេ ខណៈរដ្ឋមន្រ្តីការបរទេសរុស្ស៉ី លោក សឺហ្គៃ ឡារ៉ូវ (Sergey Lavrov) បានផ្តល់សក្ខីកម្មលើសកម្មភាព ដែលកំពុងបន្តរបស់ទីក្រុងមូស្គូ នៅឯអ៊ុយក្រែន ថាជាប្រតិបត្តិការយោធាពិសេស៕