(វ៉ាស៊ីនតោន)៖ ក្រុមមន្ត្រីអាមេរិកបាននិយាយថា សេតវិមានរបស់លោកប្រធានាធិបតី ចូ បៃដិន មានបំណងបញ្ជូនមីស៊ីលប្រឆាំងនាវាចម្បាំង ទៅឱ្យកងទ័ពអ៊ុយក្រែន ដើម្បីបំបែកការឡោមព័ទ្ធ និងការបិទខ្ទប់ច្រកសមុទ្រពីសំណាក់កងទ័ពជើងទឹករុស្ស៉ី នៅចំពោះមុខការព្រួយបារម្ភថាការ ផ្ដល់អាវុធដែលអាចពន្លិចនាវាចម្បាំងរុស្ស៉ី នឹងធ្វើឱ្យជម្លោះកាន់តែឡើងកម្ដៅ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២០ ខែឧសភា ឆ្នាំ២០២២។

អ៊ុយក្រែន បានប្រកាសជារឿយៗថាខ្លួនត្រូវការអាវុធទំនើបៗពីសហរដ្ឋអាមេរិក បន្ថែមពីលើកាំភ្លើងធំ, មីស៊ីលប្រឆាំងរងក្រោះ, មីស៊ីលប្រឆាំង យន្ដហោះចម្បាំង និងអាវុធជាច្រើនទៀតដែលមានស្រាប់។ តួយ៉ាង នៅក្នុងបញ្ជីតម្រូវការអាវុធរបស់ទីក្រុងកៀវ រួមមានមីស៊ីលដែលបណ្ដេញ នាវាចម្បាំងរុស្ស៉ី ចេញពីតំបន់កំពង់ផែរបស់ខ្លួនជាច្រើនក្នុងតំបន់សមុទ្រខ្មៅ ដើម្បីអាចចាប់ផ្ដើមនាំចេញផលិតផលកសិកម្មទៅកាន់ពិភពលោក ឡើងវិញ។

បើតាមក្រុមមន្ត្រីអាមេរិក, ការបញ្ជូនអាវុធទំនើបៗ ទៅឱ្យកងទ័ពអ៊ុយក្រែន មានឧបសគ្គរារាំងជាច្រើនពាក់ព័ន្ធនឹងការបណ្ដុះបណ្ដាលប្រើប្រាស់, ការបារម្ភខ្លាចអាវុធអាមេរិកធ្លាក់ចូលដៃរុស្ស៉ី ហើយជាពិសេសខ្លាចសង្រ្គាមផ្ទុះឡើងកាន់តែធំ។ តែយ៉ាងណាក៏ដោយ ក្រុមមន្ត្រីទាំងនេះបានឱ្យដឹងថា មីស៊ីលប្រឆាំងនាវាចម្បាំងពីរប្រភេទ គឺមីស៊ីល ហាពូន (Harpoon) ផលិតដោយក្រុមហ៊ុន Boeing និងមីស៊ីល ណាវ៉ាល់ ស្រ្ទែក មីស៊ីល (Naval Strike Missile) ផលិតរួមគ្នាដោយក្រុមហ៊ុន កុងស្បឺគ (Kongsberg) និងក្រុមរ៉ៃថេអន (Raytheon) គឺជាជម្រើសដែលកំពុងស្ថិតនៅ ក្រោមការពិចារណាក្នុងការបញ្ជូនដោយផ្ទាល់ឱ្យអ៊ុយក្រែន។

គួរបញ្ជាក់ថា កាលពីខែមេសាកន្លងទៅ, លោក ហ្សេលេនស្គី បានអំពាវនាវឱ្យប្រទេសព័រទុយហ្កាល់ផ្ដល់មីស៊ីល ហាពូន (Harpoon) ដែលអាចបាញ់បានចម្ងាយ ៣០០គីឡូម៉ែត្រ មកឱ្យកងទ័ពអ៊ុយក្រែន។ ប៉ុន្តែ មានបញ្ហាជាច្រើនដែលពិបាកឱ្យអ៊ុយក្រែនទទួលបានមីស៊ីលនេះ ជាក់ស្ដែងគឺ បញ្ហាសមត្ថភាពប្រើមីស៊ីលនេះនៅមានកម្រិតតែម្ដង៕