(បែរឡាំង)៖ អធិការបតីអាល្លឺម៉ង់ លោក អូឡាហ្វ សូលហ៍ (Olaf Scholz) បាននិយាយថា សហភាពអឺរ៉ុប (EU) ត្រូវតែផ្តល់ការរៀបចំ សម្រាប់ការស្ថាបនាអ៊ុយក្រែនឡើងវិញ បន្ទាប់ពីសង្រ្គាមបិទបញ្ចប់ តាមរយៈការបង្កើតមូលនិធិសាមគ្គីភាពមួយ ដើម្បីជួយដល់ដំណើរការសាងសង់ហេដ្ឋរចនាសម្ព័ន្ធក្នុងប្រទេសនេះ ដែលនឹងត្រូវចំណាយថវិការរាប់ពាន់លានអឺរ៉ូ។ នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១៩ ខែឧសភា ឆ្នាំ២០២២។

ថ្លែងទៅកាន់សភាអាល្លឺម៉ង់ មុនការចាប់ផ្តើមកិច្ចប្រជុំរបស់មេដឹកនាំសហភាពអឺរ៉ុប លោក សូលហ៍ បានគូសបញ្ជាក់ថា សុន្ទរកថារបស់ប្រធានាធិបតីបារំាង លោក អែមម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) គឺត្រឹមត្រូវ ដោយការចូលជាសមាជិក សហភាពអឺរ៉ុបរបស់អ៊ុយក្រែន ត្រូវចំណាយពេលច្រើនខែ ឬច្រើនឆ្នាំ ដូច្នេះបញ្ហាសំខាន់ចំពោះមុខ គឺត្រូវផ្តោតលើការគាំទ្រជាក់ស្តែង និងភ្លាមៗ។

ជាចុងក្រោយ លោកអធិការបតីអាល្លឺម៉ង់ បានបន្ថែមថា «ការកសាងហេដ្ឋារចនាសម្ព័ន្ធ ដែលត្រូវបានបំផ្លាញ និងការធ្វើឲ្យសេដ្ឋកិច្ចអ៊ុយក្រែនងើបឡើងវិញ នឹងត្រូវចំណាយអស់រាប់ពាន់លានអឺរ៉ូ ហើយក្នុងនាមសហភាពអឺរ៉ុប យើងត្រូវតែចាប់ផ្តើមរៀបចំជាមូលដ្ឋាន សម្រាប់មូលនិធិរួបរួមមួយ ដែលនឹងទទួលបានថវិកា តាមរយៈការចូលរួមចំណែកផ្តល់ហិរញ្ញប្បទាន ពីសំណាក់ប្រទេសជាសមាជិក ហើយនិងដៃគូនានា»