(វ៉ាស៉ីនតោន)៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក អាន់តូនី ប៊្លីនខិន (Antony Blinken) នៅថ្ងៃពុធសប្ដាហ៍នេះ (ពេលវេលានៅវ៉ាស៉ីនតោន) បាននិយាយថា សហរដ្ឋអាមេរិកកំពុងផ្តល់ជំនួយសង្គ្រោះបន្ទាន់បន្ថែមចំនួន ២១៥លានដុល្លារទៀត ដើម្បីជួយសហគមន៍អន្តរជាតិទប់ទល់នឹងវិបត្តិស្បៀងអាហារ ដែលកាន់តែធ្ងន់ធ្ងរឡើង ដោយសារសង្រ្គាមរបស់រុស្ស៉ី នៅអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Anadolu នៅថ្ងៃព្រហស្បតិ៍ ទី១៩ ខែឧសភា ឆ្នាំ២០២២។

លោក Blinken បានគូសបញ្ជាក់នៅឯអង្គការសហប្រជាជាតិ (UN) ថា «ប្រទេសដែលមានគ្រាប់ធញ្ញជាតិ និងជីកសិកម្មបម្រុងទុក ច្រើន ក៏ដូចជាប្រទេសដែលមានធនធានហិរញ្ញវត្ថុ ចាំបាច់ត្រូវតែបង្កើនការជួយជ្រោមជ្រែង និងធ្វើយ៉ាងដូច្នោះ ឱ្យបានលឿនបំផុត។ ថ្ងៃនេះ ដោយសារភាពបន្ទាន់នៃវិបត្តិបច្ចុប្បន្ន យើងប្រកាសនូវជំនួយសង្គ្រោះបន្ទាន់បន្ថែម ២១៥លានដុល្លារទៀត ហើយយើងនឹងខិតខំឱ្យកាន់តែខ្លាំងជាងនេះទៀត»

សរុបមក សហរដ្ឋអាមេរិក បានផ្ដល់ជំនួយសង្គ្រោះបន្ទាន់ចំនួន ២.៣ពាន់លានដុល្លាហើយ ដែលជាចំនួនច្រើនជាងគេ ដើម្បីដោះស្រាយវិបត្តិស្បៀងអាហារពិភពលោក ចាប់តាំងពីការឈ្លានពានរបស់រុស្ស៉ីលើអ៊ុយក្រែន។ សហរដ្ឋអាមេរិក ក៏កំពុងប្តេជ្ញាផ្តល់ប្រាក់ចំនួន ៥០០លានដុល្លារផងដែរ ដើម្បីបង្កើនផលិតកម្មជីកសិកម្មរបស់ខ្លួន ចំពេលមានការខ្វះខាតជាសកល ហើយលោក Blinken បានលើកទឹកចិត្តប្រទេសផ្សេងទៀត ឱ្យធ្វើតាម។

គួរបញ្ជាក់ថា បើតាមការប៉ាន់ស្មានរបស់ UN រហូតមកទល់ពេលនេះ មានមនុស្សប្រហែល ២៧៦លាននាក់នៅទូទាំងពិភពលោក ដែលកំពុងជួបប្រទះបញ្ហាអសន្តិសុខស្បៀងយ៉ាងធ្ងន់ធ្ងរ ដែលចំនួននេះកើនឡើងទ្វេដង បើធៀបទៅនឹងឆ្នាំមុន។ ដោយឡែក មនុស្សជាងកន្លះលាននាក់ កំពុងរស់នៅក្នុងស្ថានភាពទុរ្ភិក្ស៕