(ប៉េកាំង)៖ ថ្មីៗនេះ មេដឹកនាំអាមេរិកបានចុះហត្ថលេខា លើអ្វីដែលហៅថា សេចក្តីព្រាងច្បាប់ដោយស្នើឱ្យ រដ្ឋមន្ត្រីការបរទេសអាមេរិក ជួយតៃវ៉ាន់ទទួលឋានៈ ជាអ្នកសង្កេតការណ៍របស់អង្គការសុខភាពពិភពលោកឡើងវិញ ដើម្បី «ចូលរួមក្នុងមហាសន្និបាតអង្គការសុខភាពពិភពលោក»។ ទង្វើដែលជ្រៀតជ្រែកយ៉ាងហឹង្សា នូវកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិននេះ បានល្មើសយ៉ាងធ្ងន់ធ្ងរលើគោលការណ៍ចិនតែមួយ និងការកំណត់ ក្នុងសេចក្តីថ្លែងការណ៍រួមរវាងចិននិងអាមេរិកទាំងបី ក៏ដូចជា ល្មើសយ៉ាងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិ និងក្រមមូលដ្ឋាននៃទំនាក់ទំនងអន្តរជាតិផងដែរ វាមុខជានឹងធុញដូច កាលពីមុន ហើយនឹងទទួលបរាជ័យជាមិនខាន។

ក្នុងប៉ុន្មានឆ្នាំកន្លងមកនេះ រាល់ពេលដែលមហាសន្និបាតអង្គការសុខភាពពិភពលោក ប្រារព្ធឡើង កម្លាំងនយោបាយមួយចំនួនរបស់អាមេរិក សុទ្ធតែនឹងអំពាវនាវឱ្យជួយតៃវ៉ាន់ពង្រីក «លំហអន្តរជាតិ» ប៉ុន្តែសុទ្ធតែទទួលបរាជ័យដោយគ្មានករណីលើកលែង។ នេះបានបង្ហាញយ៉ាងពេញលេញថា គោលការណ៍ចិនតែមួយ គឺជាគោលការណ៍ទំនាក់ទំនងអន្តរជាតិ ដែលត្រូវបានទទួលស្គាល់ជាសកល និងជាមតិជាទូទៅរបស់សហគមន៍អន្តរជាតិ។ មិនថា អ្នកនយោបាយអាមេរិកមួយចំនួន បង្កើតរលកប៉ុណ្ណាក៏ដោយ ក៏វានៅតែរឹងមាំដូចថ្ម និងមិនអាចប្រែប្រួលបានទេ។

ហេតុអ្វីបានជាតំបន់តៃវ៉ាន់ត្រូវបិទក្រៅពី ទ្វារមហាសន្និបាតអង្គការសុខភាពពិភពលោក? ភាគីអាមេរិក និងអាជ្ញាធរតៃវ៉ាន់ ត្រូវតែដឹងច្បាស់។ ចាប់តាំងពីអាជ្ញាធរបក្សវឌ្ឍនភាពប្រជាធិបតេយ្យឡើងកាន់អំណាច នៅខែឧសភា ឆ្នាំ២០១៦ រៀងមក ពួកគេប្រកាន់ខ្ជាប់នូវជំហរ «តៃវ៉ាន់ឯករាជ្យ» បដិសេធមិនទទួលស្គាល់ «មតិឯកភាពគ្នានៃត្រើយទាំងសងខាងច្រកសមុទ្រតៃវ៉ាន់ នៅថ្ងៃទី២ ខែកញ្ញា» បានបណ្តាលឱ្យមូលដ្ឋាននយោ បាយនៃការចូលរួមក្នុងមហាសន្និបាតអង្គការសុខាភាពពិភពលោក របស់តំបន់តៃវ៉ាន់ លែងមានទៀតហើយ។ មិនថាអាមេរិកនិងតៃវ៉ាន់គុបគិត លេង «បៀរសភាពការណ៍រីករាលដាលនៃជំងឹកូវីដ១៩» យ៉ាងដូចម្តេចដើម្បីប៉ុនប៉ងបញ្ឆោតសហគមន៍អន្តរជាតិក៏ដោយ ក៏ពួកគេសុទ្ធតែមិនអាចលាក់បាំងការពិតជាមូលដ្ឋាននេះបានទេ។

បើមើលពីក្របខណ្ឌអន្តរជាតិ ក្រៅពីប្រទេសមួយចំនួនតូចដែលតៃវ៉ាន់ហៅថា «ប្រទេសការទូត» និងបស្ចិម ប្រទេសមួយចំនួនបានអមសំឡេង អ្នកឆ្លើយតបចំពោះការសំដែងរបស់អាមេរិក ដែល «គាំទ្រតៃវ៉ាន់ចូលរួមមហាសន្និបាត» មានតិចណាស់ វាកាន់តែដូចជាការសំដែង នយោបាយកម្សាន្តដោយខ្លួនឯងមួយលើក។ ចំណែកអជ្ញាធរតៃវ៉ាន់ ដែលប៉ុនប៉ងអោបភ្លៅអាមេរិកសម្រាប់ «យកសភាពការណ៍រីករាលដាលនៃជំងឺ កូវីដ១៩ មកសែ្វងរកឯករាជ្យ» គឺជាការគិតប្រាថ្នាសុទ្ធសាធ។

មុននេះមិនជាយូរប៉ុន្មាន ភាគីអាមេរិកបានលុបចោលកិច្ចសន្យាលក់អាវុធដំបូងរបស់រដ្ឋាភិបាលបច្ចុប្បន្ន ទៅឱ្យតៃវ៉ាន់ បានធ្វើឱ្យអាជ្ញាធរតៃវ៉ាន់ខកចិត្តយ៉ាងខ្លាំង។ ចំពោះការគាំទ្រតៃវ៉ាន់ចូលរួមក្នុងមហាសន្និបាតរបស់អាមេរិកលើកនេះ មានប្រព័ន្ធសារព័ត៌មានតៃវ៉ាន់បានវែកញែកថា ភាគីទាំងពីរតៃវ៉ាន់និងអាមេរិកបានដឹងច្បាស់ ចំពោះលទ្ធផល តែនៅបានធ្វើសុបិនរួមគ្នាទៀត តើអ្នកណាបញ្ឆោតអ្នកណា?

ភាគីអាមេរិកគួរតែគោរពការសន្យានយោបាយរបស់ខ្លួន ចំពោះប្រទេសចិន ហើយឈប់ល្មើសគោលការណ៍ចិនតែមួយ អនុវត្តយ៉ាងប្រាកដប្រជានូវមតិឯកភាពរួម ដែលប្រមុខរដ្ឋទាំងពីរសម្រេចបាន។ ការលេងល្បិច «និយាយផ្សេងធ្វើផ្សឹង» លើបញ្ហាតៃវ៉ាន់ មានតែធ្វើឱ្យកេរ្តិ៍ឈ្មោះនយោបាយរបស់ភាគីអាមេរិក ដែលបានអន់ថយដោយឥតឈប់ឈប់ កាន់តែធ្លាក់ចុះថែមទៀត។ រាល់ទង្វើនៃការអនុញ្ញាតនិងគាំទ្រ «តៃវ៉ាន់ឯករាជ្យ» នោះ ច្បាស់ជានឹងត្រូវភាគីចិន ប្រឆាំងដោយខ្លាំងវិញ ដែលនឹងទទួលបរាជ័យតាំងពីដំបូងមក៕

អត្ថបទដោយ៖ វិទ្យុមិត្តភាពកម្ពុជាចិន