(អង់ការ៉ា)៖ ប្រធានាធិបតីតួកគី លោក តាយយីប អឺដូហ្គាន់ (Tayyip Erdogan) ដែលបានគំរាមរារាំងហ្វាំងឡង់ និងស៊ុយអែតពីការចូលរួមជា សមាជិករបស់ណាតូ (NATO) កាលពីថ្ងៃពុធសប្ដាហ៍នេះ បានជំរុញសមាជិកបក្សសម្ព័ន្ធយោធាឱ្យ «គោរព» ដល់ការព្រួយបារម្ភរបស់ ទីក្រុងអង់ការ៉ា លើប្រទេសទាំងពីរដែលខ្លួនបានចោទប្រកាន់ថាគាំទ្រអង្គការភេរវករ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នោថ្ងៃព្រហស្បត៍ ទី១៩ ខែឧសភា ឆ្នាំ២០២២។

លោក អឺដូហ្កាន់ បានគូសបញ្ជាក់ប្រាប់សមាជិកសភាគណបក្សរបស់លោកនៅក្នុងសភាថា «ការរំពឹងទុកតែមួយគត់របស់យើងពីសម្ព័ន្ធមិត្ត NATO គឺ... ជាដំបូង គឺការយល់ពីបញ្ហារសើបរបស់យើង បន្ទាប់មក គឺការគោរព និងជាចុងក្រោយ គឺការគាំទ្រ»។ លោក បានចោទប្រកាន់ស៊ុយអែតថា បានផ្តល់ទីជម្រកសុវត្ថិភាពដល់សមាជិកនៃគណបក្សពលករឃឺដ (PKK) ជាច្រើន ដែលត្រូវបានចាត់តាំងជាក្រុមភេរវករដោយទីក្រុងអង់ការ៉ា និងសម្ព័ន្ធមិត្តរបស់លោកខាងលិច ហើយស្នើឱ្យប្រទេសទាំង២ ធ្វើបត្យាប័នភេរវករចំនួន ៣០នាក់។ ប៉ុន្តែ ស៊ុយអែត និងហ្វាំងឡង់កន្លងមក បាន បដិសេធ។

លោក អឺដូហ្កាន់ បានបន្ថែមថា «អ្នកនឹងមិនបញ្ជូនពួកភេរវករមកពួកយើងវិញទេ ហើយបន្ទាប់មកសុំការគាំទ្ររបស់យើងសម្រាប់ការស្នើសុំ សមាជិកភាព NATO របស់អ្នក.... យើងមិនអាចនិយាយថា «យល់ព្រម» ក្នុងការធ្វើឱ្យអង្គការសន្តិសុខនេះមិនសូវមានសុវត្ថិភាពនោះទេ»

គួរបញ្ជាក់ថា ហ្វាំងឡង់ និងស៊ុយអែត កាលពីថ្ងៃពុធសប្ដាហ៍នេះ បានដាក់ពាក្យស្នើសុំជាផ្លូវការរួមគ្នា ដើម្បីចូលរួមជាសមាជិករបស់ NATO ខណៈដែលការឈ្លានពានរបស់រុស្ស៉ីលើអ៊ុយក្រែនបង្ខំឱ្យមានការវាយតម្លៃឡើងវិញយ៉ាងខ្លាំងនៃសន្តិសុខនៅអឺរ៉ុប។

ក៏ប៉ុន្តែ អ្នកនាំពាក្យប្រធានាធិបតីតួកគី លោក អ៊ីប្រាហ៉ីម កាលីន (Ibrahim Kalin) បាននិយាយក្នុងកំលុងកិច្ចពិភាក្សាតាមទូរស័ព្ទជាបន្តបន្ទាប់ ជាមួយទីប្រឹក្សាប្រមុខរដ្ឋ និងរដ្ឋមន្រ្តីការបរទេសនៃប្រទេសអាល្លឺម៉ង់ ស៊ុយអែត ហ្វាំងឡង់ ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិកថា «ការមិនបំពេញតាមការរំពឹងទុករបស់ប្រទេសតួកគី», ដំណើរការចូលជាសមាជិក NATO នៃប្រទេសទាំងពីរ «មិនអាចឆ្ពោះទៅមុខបានទេ» រហូតទាល់តែការព្រួយបារម្ភរបស់តួកគីត្រូវបានរំសាយចោល៕