(ប៉េកាំង)៖ នៅថ្ងៃទី១៨ ខែឧសភា លោក Xi Jinping ប្រធានរដ្ឋចិន បានថ្លែងសុន្ទរកថាតាមប្រព័ន្ធវីដេអូ ក្នុងកិច្ចប្រជុំអបអរសាទរខួប ទី៧០ នៃការបង្កើតគណៈកម្មាធិការជំរុញពាណិជ្ជកម្មអន្តរជាតិចិន និងជាកិច្ចប្រជុំកំពូលជំរុញការវិនិយោគ និងពាណិជ្ជកម្មជាសកល។

ពេលថ្លែងសុន្ទរកថា លោក Xi Jinping បានសង្កត់ធ្ងន់ថា បច្ចុប្បន្ននេះ ការផ្លាស់ប្តូរក្នុងរយៈពេលមួយសតវត្ស និងការរីករាលដាលនៃជំងឺឆ្លង ដែលកម្រមានក្នុងមួយសតវត្ស បានកើតឡើងដោយទន្ទឹមគ្នា សកលភាវូបនីយកម្មសេដ្ឋកិច្ច បាននិងកំពុងប្រឈមមុខនឹងចរន្តអវិជ្ជមាន ហើយពិភពលោកបានឈានចូលដល់ ដំណាក់កាលផ្លាស់ប្តូរដ៏ច្របូកច្របល់ថ្មី។ មជ្ឈដ្ឋានឧស្សាហកម្មនិងពាណិជ្ជកម្ម នៃបណ្តាប្រទេស មានការរំពឹងទុកយ៉ាងខ្លាំងចំពោះការអភិវឌ្ឍដោយសន្តិភាព ការសំណូមពរចំពោះសច្ចយុត្តិធម៌កាន់តែខ្លាំងឡើងៗ និងការស្វែងរក កិច្ចសហប្រតិបត្តិការនិងឈ្នះ-ឈ្នះកាន់តែប្រញាប់។

លោក Xi Jinping បានលើកឡើងនូវសេចក្តីស្នើ ៤ចំណុច៖ ទី១ ប្រមូលផ្តុំកម្លាំងដើម្បីយកឈ្នះលើការរីករាលដាលនៃជំងឺឆ្លង, ទី២ ស្តារឡើងវិញនូវការវិនិយោគនិងពាណិជ្ជកម្ម, ទី៣ ប្រកាន់ខ្ជាប់នូវការជំរុញដោយការច្នៃប្រឌិតថ្មី, ទី៤ ធ្វើឱ្យមានសុក្រឹតភាពនូវ អភិបាលកិច្ចសកល។

លោក Xi Jinping បានគូសបញ្ជាក់ថា ការប្តេជ្ញាចិត្តរបស់ប្រទេសចិនក្នុងការពង្រីកការបើកចំហ ក្នុងកម្រិតខ្ពស់នឹងមិនផ្លាស់ប្តូរទេ ហើយ ប្រទេសចិននឹងបើកទ្វារនៃការបើកចំហឱ្យកាន់តែទូលំទូលាយ៕

អត្ថបទដោយ វិទ្យុមិត្តភាពកម្ពុជាចិន