(វ៉ាស៊ីនតោន)៖ អាជ្ញាធរសុខាភិបាលអាមេរិក ក្នុងរដ្ឋ Massachusetts បានរាយការណ៍ពីការរកឃើញនូវករណីដ៏កម្រ នៃជំងឺអុតស្វា (monkeypox) នៅលើខ្លួនបុរសម្នាក់ ដែលទើបតែបានត្រឡប់មកពីប្រទេសកាណាដាវិញ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១៩ ខែឧសភា ឆ្នាំ២០២២។

ក្រោយការរកឃើញរបស់អាជ្ញាធរសុខាភិបាលនៃរដ្ឋ Massachusetts, មជ្ឈមមណ្ឌលអាមេរិកសម្រាប់គ្រប់គ្រង និងបង្ការជំងឺឆ្លង CDC ក៏បាន ឱ្យដឹងដែរថាមន្ទីរពិសោធន៍របស់ខ្លួនបានទទួលស្គាល់ករណីជំងឺអុតស្វា នៅរសៀលថ្ងៃពុធសប្ដាហ៍នេះ។ CDC បន្ថែមទៀតថាខ្លួនកំពុងធ្វើការ ជាមួយអាជ្ញាធរពាក់ព័ន្ធ ដើម្បីតាមស្វែងរកអ្នកដែលបានប៉ះពាល់ជាមួយអ្នកជំងឺខាងលើ តែអះអាងថាករណីជំងឺអុតស្វានេះមិនបានបង្កហានិភ័យ ដល់ប្រជាជននោះទេ រីឯអ្នកជំងឺផ្ទាល់ក៏កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យក្នុងស្ថានភាពល្អផងដែរ។

គួរបញ្ជាក់ថា អាជ្ញាធសុខាភិបាលក្នុងប្រទេសកាណាដា កាលពីថ្ងៃពុធសប្ដាហ៍នេះដែរបានចេញសេចក្ដីថ្លែងការណ៍មួយដោយបញ្ជាក់ថាបានដឹង ពីករណីជំងឺអុតស្វា នៅក្នុងតំបន់អឺរ៉ុប ហើយកំពុងតាមដានស្ថានការណ៍បច្ចុប្បន្នយ៉ាងយកចិត្តទុកដាក់។ ជំងឺអុតស្វា ឬ monkeypox ភាគច្រើន កើតមាននៅក្នុងតំបន់អាហ្វ្រិកខាងលិច និងអាហ្រ្វិកកណ្ដាល់ ហើយវាជាប្រភេទជំងឺកម្រ ស្រដៀងគ្នាទៅនឹងជំងឺអុតធំដែរ៕