(វ៉ាស៊ីនតោន)៖ ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក ជែក ស៊ូលីវ៉ាន់ (Jake Sullivan) បានឱ្យដឹងនៅថ្ងៃពុធសប្ដាហ៍នេះថាលោកបានពិភាក្សា ជាមួយមន្ត្រីការទូតកំពូលចិន លោក យ៉ាង ជីឈី (Yang Jiechi) ពីលទ្ធភាពដែលកូរ៉េខាងជើងអាចនឹងធ្វើតេស្ដនុយក្លេអ៊ែរ ឬមីស៊ីល កំលុងកិច្ចសន្ទនាតាមទូរស័ព្ទមួយ ដែលផ្តោតលើសន្តិសុខក្នុងតំបន់ និងការទប់ស្កាត់ការរីកសាយភាពអាវុធ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១៩ ខែឧសភា ឆ្នាំ២០២២។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានខ្លីមួយនៅឯសេតវិមាន លោក Jake Sullivan បានបញ្ជាក់ដូច្នេះថា «ខ្ញុំបានជជែកជាមួយសមភាគីចិនរបស់ខ្ញុំ (លោក Yang Jiechi) នៅព្រឹកនេះ (ថ្ងៃពុធ) ដោយផ្តោតជាសំខាន់លើសំណុំរឿងកូរ៉េខាងជើង»។ លោក Sullivan មិនបានផ្ដល់ព័ត៌មានលម្អិត អ្វីបន្ថែមទៀតនោះទេ តែសេតវិមានបាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍មួយថាលោក Sullivan និងលោក Yang ក៏បានពិភាក្សាគ្នាដែរពី បញ្ហាតៃវ៉ាន់, សង្រ្គាមនៅអ៊ុយក្រែន ជាពិសេសគឺទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងចិន។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិក បានជំរុញម្ដងហើយម្ដងទៀតឱ្យអង្គការសហប្រជាជាតិដាក់ទណ្ឌកម្មបន្ថែមលើកូរ៉េខាងជើង ជុំវិញកម្មវិធីអភិវឌ្ឍ មីស៊ីល និងនុយក្លេអ៊ែរ ប៉ុន្តែចិន និងរុស្ស៉ីត្រូវបានគេរាយការណ៍ថាបានបង្ហាញជំហរជំទាស់៕