(បែរឡាំង)៖ រដ្ឋមន្ត្រីការបរទេសអូទ្រីស លោក អាឡិចសាន់ដឺ ស្សាលេនបឺគ (Alexander Schallenberg) បាននិយាយថា ប្រទេសរបស់លោក នឹងរក្សាស្ថានភាពអព្យាក្រឹតរបស់ខ្លួន បើទោះបីជាសម្ព័ន្ធមិត្តសហភាពអឺរ៉ុប ដូចជាស៊ុយអែត និងហ្វាំងឡង់ បានផ្លាស់ប្តូរជំហរគោលនយោបាយការបរទេស ដែលមានរយៈពេលជាច្រើនទសវត្សរ៍ ដើម្បីដាក់ពាក្យស្នើសុំសមាជិកភាពរបស់ NATO នៅចំពោះមុខក្ដីបារម្ភអំពីសង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែនក៏ដោយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១៨ ខែឧសភា ឆ្នាំ២០២២។

លោក Schallenberg បានគូសបញ្ជាក់ដូចខាងលើ ប្រាប់ទៅកាន់វិទ្យុអាល្លឺម៉ង់ ដតឆ្លេនហ្វុន (Deutschlandfunk) នៅថ្ងៃពុធនេះ ដោយលើកឡើងថា ប្រជាជនអូទ្រីសមានការគាំទ្រយ៉ាងលើសលុប ចំពោះគោលជំហរអព្យាក្រឹតរបស់ខ្លួន។ លោក Schallenberg បាននិយាយទៀតថា អូទ្រីសដែលទទួលបាន ៨០% នៃឧស្ម័នធម្មជាតិរបស់ខ្លួនពីរុស្ស៉ី នឹងបន្តផ្តល់ជំនួយមនុស្សធម៌ដល់អ៊ុយក្រែន ជាជាងជំនួយសព្វាវុធ។

លោក Schallenberg បានបន្ថែមថា «យើងកំពុងជួយក្នុងសកម្មភាពទ្រង់ទ្រាយធំ ប៉ុន្តែមិនមែនជាមួយគ្រាប់រំសេវសម្រាប់ធ្វើសង្រ្គាម នោះទេ ហើយខ្ញុំគិតថាការផ្តល់ជំនួយដល់អ៊ុយក្រែន មិនអាចត្រឹមតែជាគ្រាប់រំសេវឡើយ»

គួរបញ្ជាក់ថា ការឈ្លានពានរបស់រុស្ស៉ីលើអ៊ុយក្រែន ដែលបានចាប់ផ្តើមកាលពីថ្ងៃទី២៤ ខែកុម្ភៈកន្លងទៅ បានជំរុញឱ្យមានការរៀបចំឡើងវិញ នូវគោលនយោបាយសន្តិសុខជាតិក្នុងបណ្តាប្រទេសជាច្រើននៅអឺរ៉ុប។ នៅថ្ងៃពុធនេះ ប្រទេសហ្វាំងឡង់ និងស៊ុយអែត ទីបំផុតបានដាក់ពាក្យស្នើសុំជាផ្លូវការ ដើម្បីក្លាយជាសមាជិករបស់ NATO ដែលជាការផ្លាស់ប្តូរដ៏សំខាន់បំផុតមួយ នៅក្នុងរចនាសម្ព័ន្ធផ្នែកសន្តិសុខរបស់អឺរ៉ុប នារយៈពេលជាច្រើនទសវត្សរ៍មកនេះ ដ្បិតហ្វាំងឡង់មានព្រំដែនចម្ងាយ ១,៣០០គីឡូម៉ែត្រពីរុស្ស៉ី៕