(ប៉េកាំង)៖ ព្រឹកថ្ងៃទី១៦ ខែឧសភា សន្និសីទសារព័ត៌មាន នៃរដ្ឋបាលជាតិស្ថិតិរបស់ចិន បានប្រកាសទិន្នន័យសេដ្ឋកិច្ចសំខាន់ៗ នៅខែមេសា។ ដោយសាររងផលប៉ះពាល់ពីស្ថានការណ៍អន្តរជាតិដ៏តឹងរ៉ឹងនិងស្មុគស្មាញ និងការរីករាលដាលនៃជំងឺកូវីដ១៩ ក្នុងស្រុក សន្ទស្សន៍សេដ្ឋកិច្ចសំខាន់ៗ នៅខែមេសារបស់ចិន បានលេចចេញការធ្លាក់ចុះ។

អ្នកនាំពាក្យនៃរដ្ឋបាលជាតិស្ថិតិរបស់ចិន បានលើកឡើងថា នេះជាការផ្លាស់ប្តូររយៈពេលខ្លី ដែលបណ្តាលមកពីផលប៉ះពាល់ នៃការរីករាលដាលនៃជំងឺកូវីដ១៩ ដែលនឹងមិនកែប្រែនិន្នាការដំណើរការដោយនឹងនរ នៃសេដ្ឋកិច្ចចិននោះទេ ហើយក៏មិនកែប្រែលក្ខណៈពិសេសរបស់សេដ្ឋកិច្ចចិន ដែលមានភាពធន់និងសក្តានុពលយ៉ាងខ្លាំង និងចន្លោះអភិវឌ្ឍន៍យ៉ាងទូលំទូលាយ។

ការតម្កល់ទុកសន្តិសុខអាយុជីវិត និងសុខភាពរបស់ប្រជាជនជាចម្បង ជាគោលការណ៍ជាមូលដ្ឋានក្នុងការបង្ការ និងគ្រប់គ្រងជំងឺកូវីដ១៩របស់ចិន។ ពិតមែនតែវិធានការបង្ការនិងគ្រប់គ្រងជំងឺកូវីដ១៩ នឹងធ្វើឱ្យផលិតកម្មនិងជីវភាពរស់នៅ ក្នុងតំបន់មួយចំនួន រងផលប៉ះពាល់ក៏ដោយ ក៏ប៉ុន្តែការពិតជាក់ស្តែងបានបញ្ជាក់ថា មានតែគ្រប់គ្រងបាននូវជំងឺកូវីដ១៩ ដែលជាបញ្ហារំខានក្នុងរយៈពេលដ៏ខ្លីនេះ ទើបអាចបង្កើតលក្ខខណ្ឌ ដែលមានអំណោយផលដល់ការអិវឌ្ឍសេដ្ឋកិច្ច។

បើមើលពីទិន្នន័យដែលរដ្ឋាភិបាលចិន បានប្រកាសកាលពីថ្ងៃទី១៦ ខែឧសភា មិនពិបាកយល់ទេថា ទំហំទីផ្សារដ៏ធំធេងរបស់ចិន នៅតែមានឧត្តមភាពដដែល ហើយនិន្នាការដែលសេដ្ឋកិច្ចដំណើរការយ៉ាងនឹងនរ ក៏បានបន្តទៅទៀតដែរ។ ឧទាហរណ៍ដូចជា បើមើលពីសភាពការណ៍ទូទាំងប្រទេសនៅខែមេសា អាចឃើញថា ទំហំទឹកប្រាក់សរុបនៃការលក់រាយផលិតផលប្រើប្រាស់ក្នុងសង្គម បានឡើងដល់២.៩ទ្រីលានយាន់ប្រាក់ចិន ទំហំសរុបខាងការនាំចេញនាំចូលគឺ៣.២ទ្រីលានយាន់ប្រាក់ចិន។ ព្រមពេលជាមួយគ្នានេះ និន្នាការអភិវឌ្ឍន៍ដែលប្រកបដោយគុណភាពខ្ពស់ នៃសេដ្ឋកិច្ចរបស់ចិនក៏គ្មានការផ្លាស់ប្តូរផងដែរ។ តម្លៃបន្ថែមនៃរបរផលិតកម្មបច្ចេកទេសខ្ពស់ ដែលមានចំណូលប្រចាំឆ្នាំលើសពី២០លានយាន់ប្រាក់ចិន នៅខែមេសា បានកើនឡើង៤ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំ២០២១ ដែលមានភាពល្អជាងឧស្សាហកម្មទាំងអស់។ ពីខែមករាដល់ខែមេសា ការវិនិយោគលើឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់ បានកើនឡើង២២ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំ២០២១។

ទីផ្សារដ៏ធំធេងដែលមានចំនួនប្រជាជនជាង១ពាន់ ៤រយលាននាក់ និងក្រុមមនុស្សដែលមានចំណូលមធ្យមជាង ៤រយលាននាក់ មានប្រព័ន្ធឧស្សាហកម្មដ៏ល្អពេញលេញ មានរបរផលិតកម្មដែលមានសមត្ថភាពផ្គត់ផ្គង់ដ៏ខ្លាំងក្លា ថែមទាំងការបន្តពង្រីកការបើកទូលាយ ជំរុញការកសាងតំបន់ពាណិជ្ជកម្មសេរី និងការអនុវត្តជាក់ស្តែងនូវកិច្ចព្រមព្រៀង RCEP ។ល។ សេដ្ឋកិច្ចប្រទេសចិនកំពុងប្រមូលផ្តុំ លក្ខខណ្ឌអនុគ្រោះក្នុងការលំនឹងកំណើនដោយគ្រប់ជ្រុងជ្រោយ ហើយនិន្នាការល្អប្រសើរនៃសេដ្ឋកិច្ចចិន ដែលមានស្ថិរភាពក្នុងរយៈពេលយូរមិនកែប្រែនោះទេ។

ហេតុនេះហើយបានជា សហគ្រាសទូទាំងពិភពលោកបានវិនិយោគនៅប្រទេសចិនជាបន្តបន្ទាប់។ ពីខែមករា ដល់ខែមេសាឆ្នាំនេះ ទំហំប្រើប្រាស់ទុនបរទេសជាក់ស្តែង នៅទូទាំងប្រទេសចិនគឺ ៤សែន ៧ម៉ឺន ៨ពាន់ ៦រយ ១០លានយាន់ប្រាក់ចិន ដែលកើនឡើង២០.៥ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំ២០២១។

តើនៅមានអ្វីទៀតអាចបង្ហាញពីជំនឿចិត្តរបស់ទុនបរទេស ចំពោះសេដ្ឋកិច្ចប្រទេសចិនជាងការវិនិយោគទុនយ៉ាងប្រាកដប្រជា?
ដូចធាតុអាកាសបានផ្លាស់ប្តូរក្នុងរយៈពេលដ៏ខ្លី តែមិនអាចកែប្រែនិន្នាការក្តៅឡើងវិញជាទូទៅបានឡើយ ផលប៉ះពាល់នៃជំងឺកូវីដ១៩ ក៏មិនអាចផ្លាស់ប្តូរនិន្នាការដំណើរការយ៉ាងនឹងនរ នៃសេដ្ឋកិច្ចប្រទេសចិននោះទេ ក៏ដូចជាមិនអាចរង្គោះរង្គើដល់ ការប្តេជ្ញាចិត្តរបស់ចិនដែលពង្រីកការបើកទូលាយ និងផ្តល់ផលប្រយោជន៍គ្នាទៅវិញទៅមក និងឈ្នះ-ឈ្នះជាមួយពិភពលោកផងដែរ៕

អត្ថបទ វិទ្យុមិត្តភាពកម្ពុជាចិន