(កូឡុំបូ)៖ ប៉ូលិសស្រីលង្កា បានចាប់ខ្លួនសមាជិកសភាគណបក្សកាន់អំណាចចំនួនពីររូប ពីបទញុះញុងឲ្យមានអំពើហិង្សា ដែលនាំឲ្យប្រទេសធ្លាក់ចូលទៅក្នុងភាពចលាចល រយៈពេលជាច្រើនថ្ងៃ និងបណ្តាលឲ្យមនុស្សចំនួន ៩នាក់បាត់បង់ជីវិត កាលពីសប្តាហ៍មុន។ នេះបើតាមការចេញផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី១៨ ខែឧសភា ឆ្នាំ២០២២។

មន្រ្តីប៉ូលិសម្នាក់ បាននិយាយនៅថ្ងៃពុធនេះថា សមាជិកសភាទាំងពីរនៃគណបក្សរបស់ប្រធានាធិបតី លោក ហ្គោតាប្រាយ៉ា រ៉ាចាបាកសា (Gotabaya Rajapaksa) ត្រូវបានសាកសួរដោយ ក្រុមស៊ើបអង្កេតឧក្រិដ្ឋកម្ម កាលពីល្ងាចថ្ងៃអង្គារសប្តាហ៍នេះ ហើយត្រូវបានឃុំខ្លួនពេញមួយយប់។ មន្រ្តីប៉ូលិសដដែលបានបន្ថែមថា «មានភស្តុតាងជាក់ស្តែង ក្នុងការចោទប្រកាន់សមាជិកសភាទាំងពីររូបនេះ ហើយនោះជាមូលហេតុនៃការចាប់ខ្លួនពួកគេ»

គួរបញ្ជាក់ថា លោក សាណាត នីសាន់ថា (Sanath Nishantha) និង លោក មីឡាន ចាយ៉ាធីឡាក់ (Milan Jayathilake) ស្ថិតក្នុងចំណោមអ្នកនយោបាយចំនួន ២២រូប រួមទាំងអតីតនាយករដ្ឋមន្រ្តី ម៉ាហ៊ិនដា រ៉ាចាបាកសា (Mahinda Rajapaksa) និងកូនប្រុសរបស់លោក ដែលត្រូវបានដកហូតលិខិតឆ្លងដែន បន្ទាប់ពីមានការសង្ស័យថា ពួកគេបានជំរុញឲ្យអំពើហិង្សាផ្ទុះឡើង។

កាលពីថ្ងៃទី៩ ខែឧសភា ក្រុមអ្នកគាំទ្ររាប់ពាន់នាក់នៃគណបក្សកាន់អំណាច ដែលត្រូវបានដឹកតាមរថយន្តក្រុងចូលទៅកាន់ រដ្ឋធានីកូឡុំបូ បានធ្វើសកម្មភាពវាយប្រហារលើ ចលនាបាតុកម្មរបស់ក្រុមប្រឆាំងរដ្ឋាភិបាល ដែលទាមទារឱ្យលោក Gotabaya Rajapaksa លាលែងពីតំណែង ដោយសារវិបត្តិសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរ។

ក្រោយមក ក៏មានការវាយដោយអំពើហិង្សា និងការដុតបំផ្លាញ ដើម្បីជាការសងសឹកវិញ រហូតបង្ខំឱ្យលោក Mahinda Rajapaksa ត្រូវលាលែងពីតំណែងនាយករដ្ឋមន្រ្តី។ បើតាមមន្រ្តីសុខាភិបាលស្រីលង្កា មនុស្សច្រើនជាង ២២៥នាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ខណៈប៉ូលិសបានចាប់ខ្លួនមនុស្សប្រហែល ៥០០នាក់ ដែលជាប់ពាក់ព័ន្ធអំពើហិង្សាដំបូង ហើយនិងការវាយប្រហារសងសឹក៕