(ណៃពិដោ)៖ រដ្ឋមន្រ្តីការពារជាតិនៃរដ្ឋាភិបាលស្រមោលមីយ៉ាន់ម៉ា (NUG) លោក យី ម៉ុន (Yee Mon) បានអំពាវនាវឱ្យមានជំនួយយោធា ពីអន្តរជាតិដល់កងកម្លាំងតស៊ូរបស់ខ្លួន ដែលកំពុងប្រយុទ្ធនឹង របបយោធាដែលកំពុងកាន់អំណាច ដោយស្នើសុំការគាំទ្រស្រដៀងគ្នាទៅនឹង ការផ្តល់ដល់អ៊ុយក្រែនដែលកំពុងប្រយុទ្ធនឹងការឈ្លានពានរបស់រុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១៨ ខែឧសភា ឆ្នាំ២០២២។

សម្ព័ន្ធមិត្តលោកខាងលិច បាននិងកំពុងផ្ដល់ការគាំទ្រផ្នែកយោធា យ៉ាងសស្រាក់សស្រាំដល់កងទ័ពអ៊ុយក្រែន ដើម្បីទប់ទល់នឹងការឈ្លានពានរបស់កងទ័ពរុស្ស៉ី ដែលទីក្រុងមូស្គូហៅថាជា «ប្រតិបត្តិការយោធាពិសេស»។ រីឯប្រទេសមីយ៉ាន់ម៉ា បានស្ថិតក្នុងភាពចលាចល ចាប់តាំងពីរដ្ឋប្រហារកាលពីដើមឆ្នាំ២០២០ មកម៉្លេះ ហើយអង្គការសហប្រជាជាតិ (UN) បាននិយាយថា មនុស្សជាង ៥៦០,០០០នាក់ បានផ្លាស់ទីលំនៅ ដោយការប្រយុទ្ធគ្នា។

លោក Yee Mon បានលើកឡើងនៅក្នុងសុន្ទរកថាសរសេរដោយដៃ ដែលផ្តល់ទៅឱ្យទីភ្នាក់ងារសារព័ត៌មាន Reuters ថា កងទ័ពអ៊ុយក្រែន និងកងជីវពលគាំទ្រលទ្ធិប្រជាធិបតេយ្យរបស់មីយ៉ាន់ម៉ា សុទ្ធតែកំពុងប្រយុទ្ធដើម្បីសេរីភាព និងជីវិតរបស់ពួកគេ គឺមិនសូវខុសគ្នាពីប្រជាជនអ៊ុយក្រែនឡើយ ប៉ុន្តែការប្រយុទ្ធតស៊ូជាមួយ យោធាមីយ៉ាន់ម៉ា ដែលមានបរិក្ខារសព្វគ្រប់បែបយ៉ាង ចាំបាច់ត្រូវការការជួយជ្រោមជ្រែង លើសពីជំនួយតែខាងផ្លូវចិត្តពីសំណាក់អន្តរជាតិ។

លោក Yee Mon បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ជំហររបស់សហគមន៍អន្តរជាតិសម្រាប់ប្រទេសមីយ៉ាន់ម៉ា គឺជាការគាំទ្រខាងផ្លូវចិត្តសម្រាប់យើង ហើយយើងក៏អរគុណណាស់ដែរ។ ប៉ុន្តែយើងនឹងកាន់តែដឹងគុណថែមទៀត ប្រសិនបើយើងទទួលបានជំនួយផ្នែកយោធា ដូចជាអាវុធ និងថវិកា ជាដើម។ ប្រសិនបើមានការគាំទ្រទាំងនោះ យើងនឹងអាចបញ្ចប់បដិវត្តន៍ឱ្យបានឆាប់ ហើយកាត់បន្ថយការបាត់បង់ជីវិតមនុស្ស និងទ្រព្យសម្បត្តិ»

ទោះជាយ៉ាងណា គណៈប្រតិភូសហភាពអឺរ៉ុបប្រចាំទីក្រុងយ៉ាងហ្គូន (Yangon) មិនបានឆ្លើយតបភ្លាមៗ ចំពោះសំណើសុំការអត្ថាធិប្បាយលើ ការអំពាវនាវរបស់លោក Yee Mon នោះទេ។

គួរបញ្ជាក់ថា ការកត់សម្គាល់របស់លោក Yee Mon ធ្វើឡើងប៉ុន្មាន ថ្ងៃបន្ទាប់ពីរដ្ឋមន្ត្រីការបរទេសរបស់ NUG លោក ហ្ស៉ីន ម៉ា អោង (Zin Mar Aung) បានជួបជាមួយអនុរដ្ឋមន្ត្រីការបរទេសអាមេរិក លោកស្រី វេនឌី សឺមែន (Wendy Sherman) និងរដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី លោក សៃហ្វូដឌីន អាប់ឌុលឡោះ (Saifuddin Abdullah) នៅសហរដ្ឋអាមេរិក ក្នុងជំនួបក្រៅផ្លូវការ នៃកិច្ចប្រជុំកំពូលអន្តរជាតិមួយ ដែលរៀបចំឡើងនៅទីនោះ៕