(ញូដេលី)៖ អាជ្ញាធរប្រចាំតំបន់ បាននិយាយនៅថ្ងៃពុធនេះថា មនុស្សច្រើនជាង ៥០០,០០០នាក់ បានភៀសខ្លួនចេញពីផ្ទះរបស់ពួកគេ នៅឯរដ្ឋអាសាម (Assam) ភាគឦសានប្រទេសឥណ្ឌា ដើម្បីគេចចេញពីទឹកជំនន់ដ៏ខ្លាំងក្លា ដែលបង្កឡើងដោយរដូវភ្លៀងមូសុងវស្សា ខណៈដែលមន្រ្តីបានព្រមានថា ស្ថានភាពអាកាសធាតុនឹងកាន់តែអាក្រក់ទៅ។ នេះបើតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១៨ ខែឧសភា ឆ្នាំ២០២២។

ច្រាំងទន្លេ ប្រាម៉ាពូត្រា (Brahmaputra) ដែលជាទន្លេមួយក្នុងចំណោមទន្លេដ៏ធំរបស់ពិភពលោក ដែលហូរចូលទៅក្នុងប្រទេសឥណ្ឌា និងប្រទេសជិតខាងបង់ក្លាដែស ពីតំបន់ទីបេ បានបាក់ក្នុងរដ្ឋអាសាម រយៈពេល៣ថ្ងៃចុងក្រោយនេះ ជាហេតុធ្វើឲ្យជនលិចភូមិជាង ១,៥០០ភូមិ ហើយភ្លៀងនៅតែបន្តធ្លាក់នៅថ្ងៃពុធនេះ ស្របពេលដែលការព្យាករថា ភ្លៀងនឹងបន្តរយៈពេល២ថ្ងៃទៀត។

រដ្ឋមន្រ្តីធនធានទឹកប្រចាំរដ្ឋអាសាម លោក ពីជូស ហាហ្សារីកា (Pijush Hazarika) បានប្រាប់ថា «មានមនុស្សចំនួន៧នាក់ បានលង់ទឹកស្លាប់ ក្នុងហេតុការណ៍ដាច់ដោយឡែកពីគ្នា នៅរយៈពេល៣ថ្ងៃចុងក្រោយនេះ រីឯមនុស្សចំនួន ៥០០,០០០នាក់ បានរងផលប៉ះពាល់ ខណៈសា្ថនភាពទឹកជំនន់ កំពុងប្រែជាធ្ងន់ធ្ងរទៅៗ ពីមួយម៉ោងទៅមួយម៉ោង»

ដោយឡែករដ្ឋមន្រ្តីសុខាភិបាលប្រចាំរដ្ឋខាងលើ លោក កេសហាប់ ម៉ាហាតា (Keshab Mahanta) បាននិយាយថា កម្លាំងទាហានឥណ្ឌាបានជួយសង្រ្គោះមនុស្សចំនួន ២,០០០នាក់ ដែលបានជាប់គាំងក្នុងស្រុកហូចៃ (Hojai) ហើយទឹកទន្លេប្រាម៉ាពូត្រា អាចនឹងហក់ឡើងបន្តទៀត នាពេលខាងមុខ។

គួរបញ្ជាក់ថា ខណៈដែលរដ្ឋអាសាម កំពុងទទួលរងគ្រោះដោយទឹកជំនន់ ទីក្រុងផ្សេងទៀតរបស់ប្រទេសឥណ្ឌា ជាពិសេសរដ្ឋធានីញូដេលី កំពុងទទួលរងបាតុភូតរលកកម្តៅ៕