(ព្រុចសែល)៖ អគ្គលេខាធិការអង្គការ NATO លោក ជេន ស្តូលថិនបឺហ្គ (Jens Stoltenberg) នៅថ្ងៃពុធនេះ បានប្រកាសឱ្យដឹងថា ហ្វាំងឡង់និងស៊ុយអែត បានដាក់ពាក្យស្នើសុំជាផ្លូវការរួចហើយ ដើម្បីក្លាយជាសមាជិករបស់ NATO នៅចំពោះមុខក្តីបារម្ភអំពី សង្រ្គាមរបស់រុស្ស៉ីនៅអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AP នៅថ្ងៃពុធ ទី១៨ ខែឧសភា ឆ្នាំ២០២២។

លោក Stoltenberg បានប្រាប់ក្រុមអ្នកសារព័ត៌មានយ៉ាងដូច្នេះថា «ខ្ញុំស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះសំណើរបស់ហ្វាំងឡង់និងស៊ុយអែត ដើម្បីចូលរួមក្នុង NATO។ អ្នកទាំងពីរគឺជាដៃគូជិតស្និទ្ធបំផុតរបស់យើង»។ លោកអគ្គលេខាធិការ NATO បានប្រកាសពីដំណឹងនេះ បន្ទាប់ពីលោកបានទទួលលិខិតស្នើសុំផ្លូវការ ពីឯកអគ្គរដ្ឋទូតនៃប្រទេសទាំងពីរ។

គួរបញ្ជាក់ថា ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ បានព្រមានថា ទីក្រុងមូស្គូនឹងចាត់វិធានការឆ្លើយតប ប្រសិនបើ NATO ដាក់ពង្រាយ យោធាឬហេដ្ឋារចនាសម្ព័ន្ធយោធានៅលើទឹកដីហ្វាំងឡង់ ឬស៊ុយអែត។ រីឯសហរដ្ឋអាមេរិក និងបណ្ដាប្រទេសជាសមាជិក NATO ភាគច្រើន បានគាំទ្រឱ្យប្រទេសទាំង២ ចូលរួមក្នុង NATO ប៉ុន្តែតួកគីបានជំទាស់ ហើយការជំទាស់នេះអាចនឹងក្លាយជា ឧបសគ្គធំសម្រាប់ហ្វាំងឡង់ និងស៊ុយអែត ព្រោះសមាជិក NATO នីមួយៗសុទ្ធតែ មានសិទ្ធិវេតូ៕