(វ៉ាស៉ីនតោន)៖ ប្រព័ន្ធផ្សព្វផ្សាយអាមេរិក បានរាយការណ៍ថា បើយោងតាមទិន្នន័យនៃការហោះហើរ គឺយន្តហោះដឹកអ្នកដំណើរ China Eastern ដែលបានធ្លាក់នៅក្នុងប្រទេសចិន កាលពីខែមីនាកន្លងទៅ គឺត្រូវបានគេបញ្ជាឱ្យស្ថិតក្នុង សភាពសំយុងមុខសំដៅចុះទៅរកដី ដោយចេតនា។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន BBC នៅថ្ងៃពុធ ទី១៨ ខែឧសភា ឆ្នាំ២០២២។

កាសែតអាមេរិក Wall Street Journal ដោយផ្អែកលើរបាយការណ៍វាយតម្លៃជាបឋម របស់ក្រុមមន្រ្តីអាមេរិក ស្តីពីមូលហេតុនៃការធ្លាក់យន្តហោះខាងលើ បានលើកឡើងថា យន្តហោះនោះបានមុជក្បាលចុះក្រោម តាមការបញ្ជារបស់នរណាម្នាក់ ដែលនៅក្នុងបន្ទប់ពីឡុត ពោលគឺទិន្នន័យប្រអប់ខ្មៅ ដែលផ្ទុកទិន្នន័យហោះហើរឱ្យតំរុយថា មានការបញ្ជូលសេចក្តីណែនាំទៅក្នុងប្រព័ន្ធគ្រប់គ្រង ដើម្បីបញ្ជាឱ្យយន្តហោះទម្លាក់មុខចុះទៅរកដី។

ពាក់ព័ន្ធសេចក្តីរាយការណ៍ខាងលើ ខាងក្រុមហ៊ុនអាកាសចរណ៍ China Eastern ផ្ទាល់ ព្រមទាំង អាជ្ញាធរអាកាសចរណ៍ចិន (CAAC) ដែលកំពុងដឹកនាំ ការងារស៉ើបអង្កេតករណីធ្លាក់យន្តហោះនេះ មិនទាន់បានឆ្លើយតបចំពោះសំណើសុំការធ្វើអត្ថាធិប្បាយ នៅឡើយទេ។

យ៉ាងណាមិញ កាលពីខែមេសា អាជ្ញាធរ CAAC បានលើកឡើងថា ការសន្និដ្ឋានគ្មានមូលដ្ឋាន ដែលថាយន្តហោះ China Eastern ប្រហែលជាបានត្រូវគេបញ្ជាឱ្យធ្លាក់ដោយចេតនា អាចបង្កភាពយល់ច្រឡំធ្ងន់ធ្ងរចំពោះមហាជន ហើយប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែង ស៉ើបអង្កេតលើឧបទ្ទវហេតុនេះ។

គួរបញ្ជាក់ថា យន្តហោះខាងលើធុន Boeing 737-800 មានគោលដៅធ្វើដំណើរពីទីក្រុង គួនមីង ឆ្ពោះទៅកាន់ទីក្រុង ក្វាងចូវ នៅពេលដែលវាធ្លាក់ទៅបុកភ្នំ ហើយផ្តាច់ជីវិតអ្នកដំណើរនិងក្រុមការងារយន្តហោះទាំង ១៣២នាក់ ដែលមានវត្តមាននៅលើនោះ៕