(វ៉ាស៊ីនតោន)៖ ក្រសួងការបរទេសអាមេរិក នៅថ្ងៃអង្គារសប្តាហ៍នេះ បានប្រកាសចាប់ផ្តើមកម្មវិធីស្រាវជ្រាវ និងវិភាគរកភស្តុតាងនៃឧក្រិដ្ឋកម្ម និងអំពើឃោរឃៅ ដែលត្រូវបានចោទប្រកាន់ថាប្រព្រឹត្តដោយទាហានរុស្ស៊ី នៅក្នុងសង្រ្គាមអ៊ុយក្រែន ខណៈទីក្រុងវ៉ាស៊ីនតោន កំពុងព្យាយាមធានាធ្វើឲ្យទីក្រុងមូស្គូទទួលខុសត្រូវ ចំពោះសកម្មភាពរបស់ខ្លួន។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១៨ ខែឧសភា ឆ្នាំ២០២២។

នៅក្នុងសេចក្តីថ្លែងការណ៍ ក្រសួងការបរទេសអាមេរិក បានបញ្ជាក់ថា ដំណើរការស៊ើបអង្កេតលើជម្លោះនេះនឹងរួមបញ្ចូលឯកសារស្រាវជ្រាវ, ការផ្ទៀងផ្ទាត់ និងការផ្សព្វផ្សាយពីប្រភពនៃភស្តុតាងជាសាធារណៈអំពីសកម្មភាពរបស់រុស្ស៉ីនៅអ៊ុយក្រែន។ ក្រសួងបន្ថែមថា កម្មវិធីនេះនឹងត្រូវចំណាយថវិកាប្រមាណ ៦លានដុល្លារ ដោយរួមបញ្ចូលនូវការវិភាគ និងរក្សាទុកព័ត៌មាន, រូបភាពផ្កាយរណប និងព័ត៌មានដែលប្រមូលបានពីបណ្តាញសង្គម ដូច្នេះវានឹងអាចប្រើប្រាស់បាន ដោយយន្តការគណនេយ្យភាព សម្រាប់ពេលបច្ចុប្បន្ន និងអនាគត។

គួរបញ្ជាក់ថា ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានថ្កោលទោស និងចោទប្រកាន់រុស្ស៉ីថាបានប្រពឹ្រត្តិឧក្រិដ្ឋកម្មសង្រ្គាមនៅអ៊ុយក្រែន ហើយបានគូសបញ្ជាក់ ពីការប្តេជ្ញាចិត្តរបស់លោក ក្នុងការធ្វើឲ្យទីក្រុងមូស្គូ ទទួលខុសត្រូវចំពោះសង្រ្គាមនេះ។ ចំណែកឯ រដ្ឋាភិបាលទីក្រុងកៀវ ក៏បានចោទប្រកាន់រុស្ស៉ីចំពោះការប្រព្រឹត្ត អំពើឃោរឃៅលើជនស៊ីវិលផងដែរ បើទោះបីជារុស្ស៉ីបដិសេធការចោទប្រកាន់នេះក៏ដោយ៕