(សេអ៊ូល)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បានរាយការណ៍នៅថ្ងៃពុធនេះថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានថ្កោលទោសការឆ្លើយតប របស់ប្រទេសលោកចំពោះការផ្ទុះឡើងនៃជំងឺ COVID-19 ដោយចោទប្រកាន់ក្រុមមន្ត្រីរដ្ឋាភិបាលថា ខ្វះសមត្ថភាព និងខ្វះការយកចិត្តទុកដាក់ ខណៈដែលករណី ចេញរោគសញ្ញាគ្រុនក្ដៅ បានសាយភាយពាសពេញប្រទេស។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១៨ ខែឧសភា ឆ្នាំ២០២២។

កូរ៉េខាងជើង បានរាយការណ៍ថា មានមនុស្សចំនួន ២៣២,៨៨០នាក់ទៀត ចេញរោគសញ្ញាគ្រុនក្តៅ ដែលនាំឱ្យចំនួនអ្នកចេញរោគសញ្ញាគ្រុនក្ដៅ បានកើនឡើងដល់ ១.៧លាននាក់ ខណៈចំនួនអ្នកស្លាប់ ក៏បានកើនឡើងដល់ ៦២នាក់ផងដែរ គិតត្រឹមល្ងាចថ្ងៃអង្គារសប្ដាហ៍នេះ។ ប៉ុន្តែចំនួនអ្នកឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេស មិនត្រូវបានរាយការណ៍ទេ។

បើតាម KCNA, លោក គីម បាននិយាយក្នុងនាមជាអធិបតីក្នុងកិច្ចប្រជុំគណៈកម្មាធិការរៀបចំគោលនយោបាយចម្បង នៃគណបក្សពលករដែលកំពុងកាន់អំណាច កាលពីថ្ងៃអង្គារសប្ដាហ៍នេះថា «ភាពនៅក្មេងខ្ចី នៅក្នុងសមត្ថភាពរបស់រដ្ឋ សម្រាប់ការទប់ទល់នឹងវិបត្តិ បានបង្កើនភាពស្មុគស្មាញ និងផលលំបាកក្នុងការប្រយុទ្ធ ប្រឆាំងនឹងជំងឺឆ្លងរាតត្បាតដ៏កាចសាហាវនេះ។

យ៉ាងណាក៏ដោយ អាជ្ញាធរកូរ៉េខាងជើងក៏បានអះអាងថា ស្ថានភាពនៃជំងឺ COVID-19 នៅក្នុងប្រទេស កំពុងឈានទៅរក «ភាពល្អប្រសើរហើយ» ដោយបន្ថែមថា កិច្ចប្រជុំគណបក្សបានពិភាក្សាអំពី «ការរក្សានូវឱកាសល្អនៅក្នុងជួរមុខនៃការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺ COVID-19 ទាំងមូល»

គួរបញ្ជាក់ថា ដោយប្រឈមមុខនឹងការផ្ទុះឡើងនៃជំងឺ COVID-19 កូរ៉េខាងជើងបានចល័តកងកម្លាំងប្រដាប់អាវុធរបស់ខ្លួន រួមទាំងបុគ្គលិកសុខាភិបាលជាង ៣,០០០នាក់ ដើម្បីចែកចាយថ្នាំព្យាបាលជំងឺ COVID-19 ក្នុងរយៈពេល ២៤ម៉ោង ជាមួយនឹងក្រុមឆ្លើយតបចំនួន ៥០០នាក់ទៀត ដើម្បីព្យាបាលអ្នកដែលបានឆ្លងជំងឺនេះ៕