(វ៉ាស៊ីនតោន)៖ ក្រុមប្រឹក្សាធុរកិច្ចអាមេរិក នៅថ្ងៃអង្គារសប្តាហ៍នេះ បានរិះគន់លើគោលនយោបាយលក់អាវុធទៅឲ្យតៃវ៉ាន់ របស់លោកប្រធានាធិបតី ចូ បៃដិន ដោយបានបញ្ចេញលិខិតរិះគន់ជាសាធារណៈថាគោលនយោបាយនេះមានការរឹតត្បិតខ្លាំងដែលនឹងនាំឲ្យមានការបរាជ័យ ក្នុងការដោះស្រាយបញ្ហាប្រឈមនានា រវាងកោះតៃវ៉ាន់ជាមួយចិន។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១៨ ខែឧសភា ឆ្នាំ២០២២។

ជារឿយៗ គោលនយោបាយរបស់រដ្ឋាភិបាលអាមេរិក បានជំរុញឲ្យតៃវ៉ាន់ធ្វើទំនើបកម្មយោធារបស់ខ្លួន ដើម្បីទប់ទល់នឹងចិន ជាមួយនឹងការលក់អាវុធដែលមាន តម្លៃថោក ខណៈអាវុធទាំងនោះមិនអាចទប់ទល់នឹងឥទ្ធិពលយោធាដ៏ធំរបស់ចិនបាននោះទេ។ បើតាមលិខិតរបស់ក្រុមប្រឹក្សាធុរកិច្ចអាមេរិក បានលើកឡើង យ៉ាងដូច្នេះថា «ការជំរុញសមត្ថភាពឆ្លើយតបនេះ គឺវាហួសពីលទ្ធភាពរបស់តៃវ៉ាន់ ហើយយើងបារម្ភថាភាពមិនស៊ីគ្នាតាមរយៈជំនួយសន្តិសុខតៃវ៉ាន់ ដោយការលក់អាវុធនឹងបណ្តាលឱ្យមានការភ័ន្តច្រឡំ និងធ្វើឲ្យទំនាក់ទំនងចិន-តៃវ៉ាន់ ធ្លាក់ចុះកាន់តែខ្លាំង ស្របពេលដែលសកម្មភាពដែលអនុវត្តមិនស្របគ្នា នឹងសេណារីយ៉ូនេះ កំពុងបង្កើនការប្រឈមនៅក្នុងតំបន់»

គួរបញ្ជាក់ថា សភាពាណិជ្ជកម្មអាមេរិកនៅតៃវ៉ាន់ និងក្រុមប្រឹក្សាធុរកិច្ចអាមេរិក-តៃវ៉ាន់ បានលើកឡើងក្នុងលិខិតមួយ ផ្ញើជូនមន្ត្រីជាន់ខ្ពស់ទូទាំងរដ្ឋាភិបាល សហរដ្ឋអាមេរិក កាលពីថ្ងៃទី១៦ ខែឧសភាថាក្រោមការដឹកនាំរបស់លោកប្រធានាធិបតី បៃដិន, សហរដ្ឋអាមេរិកប្រកាន់ជំហរតឹងរ៉ឹង ដោយយល់ព្រមលក់ទំនិញ ទាំងអស់ ដែលតៃវ៉ាន់ត្រូវការ។ កន្លងទៅ ចិនធ្លាប់បញ្ជាក់ថានឹងប្រើកម្លាំងដើម្បីនាំយកតៃវ៉ាន់មកវិញ ក្នុងករណីចាំបាច់៕