(ហាណូយ)៖ ក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃអង្គារនេះបានប្រកាសរកឃើញករណីឆ្លងថ្មីៗ នៃជំងឺកូវីដ១៩ចំនួន ១,៧៨៥ករណីបន្ថែមទៀត ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារពត៌មាន Viet Nam News នៅយប់ថ្ងៃអង្គារ ទី១៧ ខែឧសភា ឆ្នាំ២០២២។

រដ្ឋធានីហាណូយដែលបច្ចុប្បន្នជាចំណុចកណ្តាល នៃការផ្ទុះរីករាលដាលជំងឺនេះ បានរ៉ាប់រងសម្រាប់ករណីឆ្លងថ្មីៗ ក្នុងស្រុកប្រចាំថ្ងៃនេះចំនួន ៤១៩ករណី។ ចំណែកខេត្តដែលមានករណីឆ្លងច្រើនដែរនោះគឺរួមមានដូចជា ខេត្ត Vĩnh Phúc មានចំនួន ១១៩ករណី និងខេត្ត Phú Thọ ចំនួន១១១ករណី។

ក្នុងរបាយការណ៍ថ្ងៃអង្គារនះដែរ វៀតណាមក៏បានរកឃើញករណីអ្នកស្លាប់ថ្មីចំនួន ០៤នាក់ទៀតផងដែរ។

គិតត្រឹមថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២នេះ វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសចំនួន ១០,៦៩៩,៩៦៥នាក់ ក្នុងនោះអ្នកជំងឺជាសះស្បើយចំនួន ៩,៣៦៤,៨៥៧នាក់ និងស្លាប់សរុបចំនួន ៤៣,០៧១នាក់៕