(ម៉ានីល)៖ ប្រធានាធិបតីជាប់ឆ្នោតហ្វីលីពីន លោក ហ្វឺឌីណាន់ ម៉ាកូស ជេអ (Ferdinand Marcos Jr) បានធ្វើដំណើរទស្សនកិច្ចជាលក្ខណៈឯកជន ទៅកាន់ប្រទេសអូស្ត្រាលី នៅថ្ងៃអង្គារនេះ ខណៈទស្សនកិច្ចរបស់លោក បានបង្កឱ្យមានសកម្មភាពតវ៉ាមួយចំនួន នៅតាមដងផ្លូវនៃទីក្រុងមែលប៊ន (Melbourne)។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៧ ខែឧសភា ឆ្នាំ២០២២។

អ្នកនាំពាក្យរបស់ប្រធានាធិបតីជាប់ឆ្នោតហ្វីលីពីន លោក វិគ រ៉ូឌ្រីហ្កេស (Vic Rodriguez) បានគូសបញ្ជាក់ប្រាប់សន្និសីទសារព័ត៌មានមួយ នៅទីក្រុងម៉ានីល (Manila) ប្រទេសហ្វីលីពីនថា ខណៈពេលដែលលោក Marcos នៅក្នុងប្រទេសអូស្រ្តាលី លោកបានទទួលការហៅទូរស័ព្ទស្វាគមន៍ពី នាយករដ្ឋមន្រ្តីអូស្ត្រាលី លោក ស្កុត ម៉ូរីសុន (Scott Morrison) ដែលបានអបអរសាទរលោក ក្នុងការទទួលបានជ័យជម្នះ នៅក្នុងការបោះឆ្នោតប្រធានាធិបតីហ្វីលីពីន។ លោក Rodriguez បានបន្ថែមថា «នេះគឺជាការធ្វើដំណើរទស្សនកិច្ចឯកជន... សម្រាប់ការសម្រាកលំហែកាយ របស់លោកប្រធានាធិបតីជាប់ឆ្នោត»។

ជុំវិញការលេចលឺពីដំណើរទស្សនកិច្ចរបស់លោក Macors, ក្រុមបាតុករហ្វីលីពីនមួយក្រុមតូច បានប្រមូលផ្តុំគ្នា នៅកណ្តាលទីក្រុងមែលប៊ន ដោយកាន់បដាដែលសរសេរថា «អ្នកគេចពន្ធ មិនស្វាគមន៍មកកាន់ទីនេះទេ» ហើយ «អ្នកប្រើអំណាចផ្ដាច់ការ ក៏មិនស្វាគមន៍មកកាន់ទីនេះដែរ»។

គួរបញ្ជាក់ថា ប្រធានាធិបតីជាប់ឆ្នោតហ្វីលីពីនរូបនេះ គឺជាកូនប្រុសរបស់អតីតមេដឹកនាំផ្តាច់ការហ្វីលីពីន ដែលបានទទួលមរណៈភាព អំលុងការនិរទេសខ្លួនទៅកាន់រដ្ឋហាវ៉ៃ របស់សហរដ្ឋអាមេរិក កាលពីឆ្នាំ១៩៨៩ បន្ទាប់ពីត្រូវបានទម្លាក់ចេញពីតំណែង ដោយការបះបោរ។ លោក Marcos Jr ដែលមានអាយុ ៦៤ឆ្នាំ បានជាប់ឆ្នោតជាប្រធានាធិបតីថ្មីរបស់ហ្វីលីពីន ជាមួយនឹងសំឡេងគាំទ្រជិត ៥៩% កាលពីសប្តាហ៍មុន ហើយលោកនឹងស្បថចូលកាន់តំណែងជាផ្លូវការ នៅខែក្រោយនេះ៕