(វ៉ាស៊ីនតោន)៖ សង្រ្គាមអ៊ុយក្រែនមិនមែនត្រឹមតែជាសង្រ្គាមរវាងរុស្ស៉ី និងអ៊ុយក្រែនប៉ុណ្ណោះទេ ដោយវាបានក្លាយទៅជា «សង្រ្គាមប្រូកស៊ី» (proxy war) ដែលបក្សសម្ព័ន្ធយោធា NATO នាំមុខដោយសហរដ្ឋអាមេរិក កំពុងប្រើប្រាស់អ៊ុយក្រែនដើម្បីកាច់បំបាក់ធ្មុងរបស់រុស្ស៉ី។ រដ្ឋមន្ត្រីការបរទេសរុស្ស៉ី លោក សឺហ្គៃ ឡារ៉ូវ ក៏ធ្លាប់បានអះអាងដូចគ្នានេះដែរ ហើយការលើកឡើងរបស់លោកគឺ «មិនខុសទេ» ពីព្រោះវាជាអ្វីដែលមនុស្សគ្រប់គ្នាកំពុងឃើញ។

ក្រុមមន្ត្រីជាន់ខ្ពស់អាមេរិក រួមទាំងប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានបញ្ជាក់ម្ដងហើយម្ដងទៀតថាសហរដ្ឋអាមេរិកមិនចង់ធ្វើសង្រ្គាមដោយផ្ទាល់ ជាមួយរុស្ស៉ីទេ ដ្បិតបារម្ភខ្លាចសង្រ្គាមនុយក្លេអ៊ែរ ឬសង្រ្គាមលោកផ្ទុះឡើង។ ការលើកឡើងបែបនេះរបស់លោក បៃដិន ក៏ជារឿងត្រឹមត្រូវមួយដែរ។ ប៉ុន្តែ អ្វីដែលគេមិនអាចប្រកែកបាន ខណៈកំពុងបញ្ចៀសសង្រ្គាមដោយផ្ទាល់ជាមួយរុស្ស៉ី សហរដ្ឋអាមេរិក និង NATO បាននិងកំពុងធ្វើសង្រ្គាមប្រូកស៊ីជាមួយរុស្ស៉ី ចាប់តាំងពីសង្រ្គាមអ៊ុយក្រែនផ្ទុះឡើងមកម្ល៉េះ។ ដូច្នេះថាតើអ្វីទៅជាសង្រ្គាមប្រូកស៊ី (proxy war)?

សង្រ្គាមប្រូកស៊ី ត្រូវបានគេសា្គល់ជាទូទៅ ជាសង្រ្គាមដោយប្រយោល ឬសង្រ្គាមតំណាងឱ្យផលប្រយោជន៍របស់ពួកមហាអំណាច។ យុទ្ធសាស្ត្រសង្រ្គាមនេះ គឺជាឧបករណ៍ដែលត្រូវបានពួកមហាអំណាចប្រើប្រាស់ជាយូរណាស់មកហើយ ដើម្បីខ្ចីដៃភាគីម្ខាង កម្ចាត់ភាគីខាងទៀតដែលជាគូសត្រូវរបស់ពួកគេ ដោយ មិនចាំបាច់លូកដៃដោយផ្ទាល់។ នៅអំឡុងសម័យសង្រ្គាមត្រជាក់, អតីតសហភាពសូវៀតបានគាំទ្រ និងខ្ចីដៃចលនាកម្មុយនិស្ដនៅកូរ៉េខាងជើង និងវៀតណាម ដើម្បីប្រឆាំងសហរដ្ឋអាមេរិក។ ចំណែកឯ សហរដ្ឋអាមេរិកបានសងសឹកសូវៀត នៅក្នុងប្រទេសអាហ្វហ្កានីស្ថាន និងនីការ៉ាហ្កា នៅអំឡុងទសវត្សរ៍ឆ្នាំ១៩៨០ តាមយៈការផ្ដល់ជំនួយគាំទ្រដល់ចលនាប្រឆាំងកុម្មុយនិស្ដ ដើម្បីសម្លាប់ទាហានសូវៀត ឬផ្ដួលរំលំរដ្ឋាភិបាលគាំទ្រដោយសូវៀត។

មើលមួយភ្លែតគេអាចនឹងយល់ថាសង្រ្គាមប្រូកស៊ី និងសង្រ្គាមត្រជាក់ គឺជាពាក្យតែមួយមានន័យដូចគ្នា។ តែវាមិនដូចច្នោះទេ។ មិនដូចដោយសារតែនៅពេល ដែលគេនិយាយពីសង្រ្គាមត្រជាក់ គឺគេនឹកឃើញមុនគេដល់ការប្រជែងគ្នារវាងសហរដ្ឋអាមេរិក និងអតីតសហភាពសូវៀត ហើយនៅក្នុងការប្រជែងគ្នាក្នុង សង្រ្គាមត្រជាក់នេះឯង អាមេរិក និងសូវៀតបានធ្វើសង្រ្គាមប្រូកស៊ីជាច្រើន។ ជាឧទាហរណ៍ដូចជានៅអាហ្វហ្កានីស្ថាន, ស៊ីរី ឬវៀតណាមជាដើម ឬនិយាយ ជារួមសង្រ្គាមប្រូកស៊ី គឺជាផ្នែកមួយនៃសង្រ្គាមត្រជាក់។

ដើម្បីឱ្យសង្រ្គាមប្រូកស៊ី ដំណើរការទៅមុខបានល្អ អ្វីដែលគេត្រូវការបំផុត នោះគឺ «ការប្ដេជ្ញាចិត្តមិនខ្លាចស្លាប់» ដើម្បីបុព្វហេតុណាមួយ និងបន្ទាប់មក ទើបគេ ចាប់ផ្ដើមផ្ដល់លុយកាក់ និងអាវុធ រួមទាំងព័ត៌មានចារកម្មចាំបាច់នានា ហើយច្បាស់ណាស់នេះគឺជាអ្វីដែលសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត NATO បាន និងកំពុងធ្វើនៅអ៊ុយក្រែនសព្វថ្ងៃ។ នៅក្នុងការប្រឈមមុខជាមួយកងទ័ពរុស្ស៉ីដែលជាមហាអំណាចយោធាលេខ២ នៅលើពិភពលោក កងទ័ពអ៊ុយក្រែន មើលទៅមិនមានអ្វីទាល់តែសោះ ក្រៅតែពីគំនិតស្នេហាជាតិ និងការប្ដូរផ្ដាច់ការពារទឹកដីប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៉ី ហើយដែលនេះស័ក្តិសមបំផុត សម្រាប់យុទ្ធសាស្ត្រសង្រ្គាមប្រូកស៊ី។

សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត NATO បាននិយាយថាពួកគេផ្ដល់ជំនួយគាំទ្រជាលុយ និងអាវុធ ដើម្បីជួយអ៊ុយក្រែនការពារអធិបតេយ្យ និងបូរណភាពទឹកដី របស់ខ្លួនតែប៉ុណ្ណោះ។ នេះអាចជាហេតុផលត្រឹមត្រូវ តែនៅពីក្រោយហេតុផលត្រឹមត្រូវនេះ នៅមានឱកាសមួយដ៏អស្ចារ្យ នោះគឺអាមេរិក និង NATO ចង់ជាន់ រុស្ស៉ីកុំឱ្យងើបមុខរួចតែម្ដង ដូចដែលរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក ឡយដ៍ អូស្ទីន បានទទួលស្គាល់ថាគោលបំណងមួយរបស់ទីក្រុងវ៉ាស៊ីនតោន ក្នុងសង្រ្គាមអ៊ុយក្រែន នោះគឺធ្វើឱ្យកងទ័ពរុស្ស៉ីធ្លាក់ចុះទន់ខ្សោយរហូតដល់កម្រិតមួយ លែងអាចឈ្លានពានប្រទេសដទៃទៀតបាន។ សង្រ្គាមអ៊ុយក្រែន បានបំផ្លាញបរិក្ខារយោធា និងផ្ដាច់យកជីវិតកងទ័ពរុស្ស៉ីជាច្រើន ដែលនេះបានន័យថាយោធារុស្ស៉ីត្រូវការពេលជាច្រើនឆ្នាំទៅមុខ ដើម្បីងើបមុខឡើងវិញ។

ទាហានអ៊ុយក្រែនបានប្រើយន្ដហោះដ្រូន, អាវុធប្រឆាំងយន្ដហោះចម្បាំង, អាវុធប្រឆាំងរថក្រោះ និងអាវុធជាច្រើនទៀតដែលជាជំនួយរបស់អាមេរិក និង NATO ក្នុងការប្រយុទ្ធតតាំងជាមួយទាហានរុស្ស៉ី។ បើទោះជាមិនទាន់មានតួលេខជាក់លាក់ក៏ដោយ តែរុស្ស៉ីត្រូវបានលោកខាងលិច និងអ៊ុយក្រែនអះអាងថា បានបាត់បង់កងទ័ពច្រើនជាង ១០,០០០នាក់ និងយានយន្ដយោធាយ៉ាងហោច ៣,៥០០គ្រឿង។ លើសពីនេះទៅទៀត ក្រៅតែពីផ្ដល់លុយ និងអាវុធ សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត ក៏កំពុងចែករំលែកផងដែរនូវព័ត៌មានស៊ើបការណ៍សម្ងាត់ដែលបានជួយទាហានអ៊ុយក្រែន សម្លាប់មេទ័ពរុស្ស៉ី យ៉ាងហោច ១២នាក់ ចាប់តាំងពីសង្រ្គាមអ៊ុយក្រែនផ្ទុះឡើងកាលពីថ្ងៃទី២៤ ខែកុម្ភៈមក។

សហរដ្ឋអាមេរិកបានទទួលស្គាល់ថាខ្លួនពិតជាបានចែលរំលែកព័ត៌មានសម្ងាត់ជាមួយអ៊ុយក្រែនមែន ប៉ុន្តែអះអាងថាអ៊ុយក្រែនខ្លួនឯង គឺជាអ្នកវិភាគព័ត៌មាន ទាំងនេះ និងធ្វើការសម្រេចចិត្តដោយខ្លួនឯង។

គួរបញ្ជាក់ថា មកទល់នឹងពេលនេះ គេមិនទាន់អាចកំណត់អ្នកឈ្នះចាញ់ក្នុងសង្រ្គាមអ៊ុយក្រែនបាននៅឡើយទេ ព្រោះសង្រ្គាមមិនទាន់បញ្ចប់។ បណ្ដាប្រទេស លោកខាងលិចជឿជាក់ថាអ៊ុយក្រែនអាចនឹងឈ្នះនៅក្នុងសង្រ្គាមនេះ។ ប៉ុន្តែ អ៊ុយក្រែន ដែលបានក្លាយជាទីលានប្រជែងអំណាចរវាងពួកមហាអំណាច បានទទួលរងការបំផ្លិចបំផ្លាញយ៉ាងដំណំ ទាំងហេដ្ឋារចនាសម្ព័ន្ធ និងអាយុជីវិតប្រជាជនរបស់ខ្លួន។ ម្យ៉ាងវិញទៀត ខណៈបន្តបញ្ជូនអាវុធឱ្យអ៊ុយក្រែន សហរដ្ឋអាមេរិក និង NATO ក៏កំពុងប្រឈមមុខនឹងការប្រថុយគ្រោះថ្នាក់ដែរ នោះគឺហានិភ័យនៃជម្លោះដោយផ្ទាល់ជាមួយរុស្ស៉ី ពីព្រោះថាសង្រ្គាមនៅ អ៊ុយក្រែនសព្វថ្ងៃ ត្រូវបានក្រុមអ្នកជំនាញខ្លះហៅថាជាសង្រ្គាមរបស់លោក ពូទីន។

ម្លោះហើយសង្រ្គាមនេះអាចមានជាប់ពាក់ព័ន្ធនឹងចក្ខុវិស័យការពង្រីកឥទ្ធិពលរុស្ស៉ី និងជីវិតនយោបាយរបស់លោក ពូទីន។ នេះហើយគឺជាក្ដីបារម្ភមួយដ៏ធំ ពីព្រោះថាបើស្ថានការណ៍សង្រ្គាមនៅតែមិនមានអ្វីប្រែប្រួល ដោយទាហានរុស្ស៉ីនៅតែបន្តទទួលការវាយបកយ៉ាងខ្លាំងពីទាហានអ៊ុយក្រែន នោះវាអាចនឹងបង្ខំ ឱ្យលោក ពូទីន ត្រូវជ្រើសរើសជម្រើសដ៏គ្រោះថ្នាក់ គឺថាតើលោកសុខចិត្តបរាជ័យ ឬក៏ប្រើអាវុធនុយក្លេអ៊ែរតាក់ទិច សម្រេចគោលដៅដែលលោកចង់បាន នៅអ៊ុយក្រែន៕

ប្រភព៖ Bloomberg (ថ្ងៃចន្ទ ទី១៦ ខែឧសភា ឆ្នាំ២០២២)