(សេអ៊ូល)៖ យោធាទីក្រុងសេអ៊ូលបានឲ្យដឹងថា ប្រទេសកូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងចំនួន ៣គ្រាប់នៅថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីទីក្រុងព្យុងយ៉ាងបានប្រកាសពីករណីដំបូងបង្អស់មិនធ្លាប់មាន នៃជំងឺកូវីដ១៩ របស់ប្រទេស។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន AP នៅថ្ងៃព្រហស្បតិ៍ ទី១២ ខែឧសភា ឆ្នាំ២០២២។

អគ្គសេនាធិការចម្រុះរបស់កូរ៉េខាងត្បូងបានប្រាប់ AFP ថា «យោធារបស់កូរ៉េខាងត្បូងបានរកឃើញនៅម៉ោងប្រហែល ៦៖២៩នាទីល្ងាចថ្ងៃព្រហស្បតិ៍សប្តាហ៍ថា មីស៊ីលផ្លោងរយៈចម្ងាយខ្លីចំនួន ៣គ្រាប់ ត្រូវបានបាញ់ចេញពីតំបន់ Sunan ក្នុងទីក្រុងព្យុងយ៉ាង»។

ក្រសួងការពារជាតិជប៉ុនក៏បានបញ្ជាក់ពីការបាញ់មីស៊ីលផ្លោងនេះផងដែរ ហើយឆ្មាំសមុទ្ររបស់ប្រទេសនេះបានប្រាប់ AFP ថា ខ្លួនបានចេញសញ្ញាព្រមានសុវត្ថិភាពដល់កប៉ាល់ផងដែរជុំវិញបញ្ហានេះ។

រហូត មក ដល់ ពេល នេះ ការ បាញ់ សាកល្បង ទំនង ជា ការ សាកល្បង អាវុធ លើក ទី ១៦ ហើយនៅ ឆ្នាំ នេះ។ ការបាញ់សាកល្បងនេះទៀតសោតបានកើតឡើង តែពីរថ្ងៃប៉ុណ្ណោះបន្ទាប់ពីប្រធានាធិបតីកូរ៉េខាងត្បូងថ្មី លោក Yoon Se-yeol បានស្បថចូលកាន់តំណែងកាលពីថ្ងៃអង្គារ។

បើតាមក្រុងសេអ៊ូល និងតូក្យូបានឲ្យដឹងថា កូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងចំនួនពីរគ្រាប់ដាច់ពីគ្នាក្នុងមួយសប្តាហ៍ មុនពិធីឡើងតំណែងរបស់ប្រធានាធិបតីកូរ៉េខាងត្បូង។

គួរបញ្ជាក់ថា ថ្វីបើរងទណ្ឌកម្មអន្តរជាតិជុំវិញកម្មវិធីសព្វាវុធរបស់ខ្លួនក៏ដោយ ក៏កូរ៉េខាងជើងបានបង្កើនការតេស្តសាកល្បងយ៉ាងខ្លាំងនៅឆ្នាំនេះ ខណៈពេលដែលមិនអើពើនឹងការផ្តល់ជូនរបស់សហរដ្ឋអាមេរិកក្នុងការចរចា៕