(ម៉ិចស៉ីកូស៉ីធី)៖ ប្រធានាធិបតីម៉ិកស៉ិក លោក អាន់ដ្រេស ម៉ានូអ៊ែល ឡូប៉េស អូប្រាឌ័រ (Andres Manuel Lopez Obrador) បាននិយាយនៅថ្ងៃអង្គារសប្ដាហ៍នេះថា លោកនឹងមិនចូលរួមកិច្ចប្រជុំកំពូលដែលរៀបចំឡើងដោយសហរដ្ឋអាមេរិកនៅខែក្រោយនេះទេ ប្រសិនបើបណ្ដាប្រទេសនៅក្នុងតំបន់ទាំងអស់មិនត្រូវបានអញ្ជើញឱ្យចូលរួម ខណៈដែលប្រធានាធិបតីប្រេស៉ីល លោក ហ៊ែ្សរ បូសូណារ៉ូ (Jair Bolsonaro) ក៏ទំនងជាមិនចូលរួមកិច្ចប្រជុំកំពូលនេះដែរ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១១ ខែឧសភា ឆ្នាំ២០២២។

អវត្ដមាននៃមេដឹកនាំប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទាំង២ នៅក្នុងតំបន់អាមេរិកឡាទីន នឹងក្លាយជាបញ្ហាមួយសម្រាប់ការជួបប្រជុំគ្នានៃប្រមុខរដ្ឋក្នុងតំបន់ដែលត្រូវបានគេរំពឹងថា នឹងពិភាក្សាអំពីដំណោះស្រាយបញ្ហានៃការធ្វើចំណាកស្រុក និងបញ្ហាបរិស្ថាន។ មេដឹកនាំម៉ិកស៉ិក បាននិយាយថា លោកចង់ឱ្យបណ្ដាប្រទេសក្នុងតំបន់ទាំងអស់ ត្រូវបានអញ្ជើញឱ្យចូលរួម។ វាមិនច្បាស់ទេថា តើសហរដ្ឋអាមេរិក នឹងអញ្ជើញប្រទេសគុយបា នីការ៉ាហ្គា និងវ៉េណេស៊ុយអេឡា ដែលមានជម្លោះជាមួយទីក្រុងវ៉ាស៊ីនតោនឱ្យចូលរួមដែរ ឬយ៉ាងណានោះទេ។

លោក Lopez Obrador បាននិយាយក្នុងសន្និសីទសារព័ត៌មានមួយថា «ប្រសិនបើពួកគេត្រូវបានដកចេញ, ប្រសិនបើពួកគេមិនត្រូវបានអញ្ជើញ... អ្នកតំណាងមកពីរដ្ឋាភិបាលម៉ិកស៉ិក នឹងទៅចូលរួម ប៉ុន្តែខ្ញុំនឹងមិនទៅចូលរួមជាដាច់ខាត»។ ទន្ទឹមនឹងនេះដែរ លោក Bolsonaro ក៏បានប្រាប់ជំនួយការរបស់លោកថា លោកនឹងមិនទៅចូលរួមកិច្ចប្រជុំកំពូលនោះទេ ប៉ុន្តែមិនបានប្រាប់ពីហេតុផលអ្វីឡើយ។

អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក នេត ប្រាយ (Ned Price) បានគូសបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា សេតវិមានក្នុងនាមជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលនេះ នឹងកំណត់ថាអ្នកណានឹងត្រូវបានអញ្ជើញ ហើយការអញ្ជើញផ្លូវការ មិនទាន់ត្រូវបានចេញប្រកាសនៅឡើយទេ។ លោក Price បានបន្ថែមថា «ខ្ញុំរំពឹងថា វានឹងចេញប្រកាសក្នុងពេលឆាប់ៗនេះ»

គួរបញ្ជាក់ថា សហរដ្ឋអាមេរិក នឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលលើកទី៩ នៃទ្វីបអាមេរិក ដែលចាប់ផ្ដើមពីថ្ងៃទី៦ ដល់ថ្ងៃទី១០ ខែមិថុនាខាងមុខនេះ និងជាលើកដំបូងចាប់តាំងពីកិច្ចប្រជុំកំពូលនៅទីក្រុងម៉ាយអាមី (Miami) ក្នុងឆ្នាំ១៩៩៤។ កិច្ចប្រជុំកំពូលនេះ តែងតែប្រព្រឹត្តទៅជារៀងរាល់ ៣ឆ្នាំម្តង៕