(បូហ្គោតា)៖ លោក ម៉ាសេឡូ ផេកស៉ី (Marcelo Pecci) ដែលជារដ្ឋអាជ្ញាជនជាតិប៉ារ៉ាហ្កាយមួយរូប ល្បីឈ្មោះខាងប្រឆាំងក្រុមសង្គមងងឹត ត្រូវបានគេសម្លាប់នៅកោះទេសចរណ៍មួយកន្លែង ក្នុងប្រទេសកូឡុំប៊ី កាលពីថ្ងៃអង្គារសប្តាហ៍នេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១១ ខែឧសភា ឆ្នាំ២០២២។

ពេលកើតហេតុ គឺលោក Pecci កំពុងស្ថិតក្នុងដំណើរកម្សាន្តជាមួយភរិយា គឺលោកស្រី ក្លៅឌៀ អាហ្គូឡេរ៉ា (Claudia Aguilera) ដែលមានអាជីពជាអ្នកកាសែត នៅរីសតមួយកន្លែង ក្បែរទីក្រុងកាតាហ្កេណា (Cartagena) នៃកោះទេសចរណ៍ បារូ (Baru) របស់ប្រទេសកូឡុំប៊ី។ កាលពីព្រឹកថ្ងៃកើតហេតុ អ្នកទាំងពីរក៏បានប្រកាសពីដំណឹងមានផ្ទៃពោះរបស់លោកស្រី Aguilera តាមប្រព័ន្ធ Instagram ថែមទៀតផង។

លោកស្រី Aguilera បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយប៉ារ៉ាហ្កាយថា មានបុរស២នាក់ ដើរសំដៅមករក លោកស្រីនិងស្វាមី នៅឆ្នេរឯកជនមួយកន្លែង នៅជាប់នឹងសណ្ឋាគារដែលអ្នកទាំងពីរស្នាក់នៅ មុនពេលលោក Pecci ត្រូវបានគេបាញ់់សម្លាប់។ បើតាមលោកស្រី Aguilera ស្វាមីលោកស្រី មិនធ្លាប់បានទទួលរងការព្រមានណាមួយឡើយ។

គួរបញ្ជាក់ថា លោក Pecci វ័យ៤៥ឆ្នាំ ត្រូវបានគេស្គាល់សម្រាប់សំណុំរឿងធំៗ ពាក់ព័ន្ធបទឧក្រិដ្ឋលាងលុយកខ្វក់ និងគ្រឿងញៀន នៅក្នុងប្រទេសរបស់លោក។ យោងតាមអគ្គស្នងការប៉ូលិសជាតិរបស់កូឡុំប៊ី ការស៉ើបអង្កេតជុំវិញករណីឃាតកម្មលើរូបលោក នឹងត្រូវធ្វើឡើង ក្រោមការសហការជាមួយប្រតិភូរបស់ប៉ូលិសប៉ារ៉ាហ្កាយ៕