(វ៉ាស៉ីនតោន)៖ សភាតំណាងរាស្រ្តអាមេរិក ទើបតែបានអនុម័តកញ្ចប់ជំនួយទំហំ ៤០ពាន់លានដុល្លារ សម្រាប់អ៊ុយក្រែន បន្ទាប់ពីមានការស្នើសុំ ដោយរដ្ឋបាលលោក ចូ បៃដិន។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Aljazeera នៅថ្ងៃពុធ ទី១១ ខែឧសភា ឆ្នាំ២០២២។

ទឹកប្រាក់ ៤០ពាន់លានដុល្លារខាងលើ គឺមានទំហំ៧ពាន់លានដុល្លារ ច្រើនជាងចំនួនទឹកប្រាក់៣៣ពាន់លានដុល្លារ ដែលប្រធានាធិបតីអាមេរិក លោក បៃដិន បានស្នើសុំកាលពី២សប្តាហ៍មុន។ វានឹងផ្តល់ជំនួយផ្នែកយោធានិងសេដ្ឋកិច្ចដល់អ៊ុយក្រែន ព្រមទាំងជួយសម្ព័ន្ធមិត្តដទៃទៀតនៅក្នុងតំបន់ ហើយបំពេញអាវុធក្នុងឃ្លាំងរបស់អាមេរិកឡើងវិញ ក៏ដូចជាផ្តល់៥ពាន់លានដុល្លារ សម្រាប់ដោះស្រាយបញ្ហាខ្វះខាតស្បៀងអាហារសកល ដែលកើតឡើងដោយសារការប៉ះពាល់នៃសង្រ្គាម ចំពោះផលិតកម្មដំណាំរបស់អ៊ុយក្រែន។

គួរបញ្ជាក់ថា បន្ទាប់ពីត្រូវបានអនុម័តនៅសភាតំណាងរាស្រ្តអាមេរិក កញ្ចប់ថវិកាខាងលើ នឹងត្រូវឆ្លងកាត់ព្រឹទ្ធសភា ១ដំណាក់កាលទៀត ខណៈព្រឹទ្ធសភាអាមេរិកត្រូវបានរំពឹងថា ច្បាស់ជានឹងយល់ព្រមចំពោះកញ្ចប់ថវិកានេះ ប៉ុន្តែមិនទាន់ច្បាស់ថា នឹងផ្តល់ការអនុម័តនៅពេលណាឡើយ ហើយការប្រែសម្រួលមួយចំនួន ក៏អាចធ្វើឡើងផងដែរ។ កញ្ចប់ថវិកា៤០ពាន់លានដុល្លារនេះ នឹងធ្វើឱ្យជំនួយរបស់អាមេរិកសម្រាប់អ៊ុយក្រែន សរុបកើនដល់ជិត ៥៤ពាន់លានដុល្លារហើយ៕