(មូស្កូ)៖ រដ្ឋមន្រ្តីការបរទេសរុស្ស៉ី លោក សឺហ្គៃ ឡារ៉ូវ (Sergey Lavrov) បាននិយាយនៅថ្ងៃអង្គារសប្តាហ៍នេះថា ការឹបអូសយករូបិយប័ណ្ណបរទេសរបស់រុស្ស៉ី គឺមិនខុសអ្វីពីសកម្មភាពចោរកម្មនោះទេ បន្ទាប់ប្រមុខការទូតអឺរ៉ុប លោក ចូសេព បូរែល (Josep Borrell) បានបង្ហើបពីគំនិតបែបនេះ។ នេះបើតាមការចុះផ្សាយដោយ សារព័ត៌មានរុស្ស៉ី RT នៅថ្ងៃពុធ ទី១១ ខែឧសភា ឆ្នាំ២០២២។

ក្នុងបទសម្ភាសន៍ជាមួយកាសែតអង់គ្លេស Financial Times លោក Josep Borrel បានស្នើរឹបអូសយករូបិយប័ណ្ណបរទេសរបស់រុស្ស៉ី ដែលត្រូវបានបង្កក ហើយប្រើប្រាស់ទុននេះសម្រាប់ចំណាយ លើការកសាងអ៊ុយក្រែនឡើងវិញ នៅពេលជម្លោះបិទបញ្ចប់។

ថ្លែងប្រាប់សន្និសីទសារព័ត៌មាន ក្នុងដំណើរទស្សកិច្ចទៅកាន់ប្រទេសអាល់ហ្សេរី លោក ឡារ៉ូវ បានគូសបញ្ជាក់ថា «វាយុត្តិណាស់ក្នុងការនិយាយថា សកម្មភាពនោះ គឺជាការលួចសុទ្ធសាធ ហើយលោកខាងលិចបានធ្វើវា ដោយគ្មានការលាក់បាំងសោះ»។ លោកបន្ថែមថា «សកម្មភាពបែបនេះ វាកំពុងហាក់ក្លាយជាទម្លាប់របស់លោកខាងលិចទៅហើយ ជាក់ស្តែងការសហរដ្ឋអាមេរិក បានបង្កកមូលនិធិធនាគារកណ្តាលអាហ្វហ្កានីស្ថាន ប៉ុន្តែទីក្រុងវ៉ាស៊ីនតោន មិនមានគម្រោងចំណាយលើតម្រូវការរបស់ប្រជាជនអាហ្វហ្កានីស្ថាន ដែលទទួលរងផលវិបាកនោះឡើយ»

គួរបញ្ជាក់ថា ចាប់តាំងពីសង្រ្គាមនៅអ៊ុយក្រែនផ្ទុះឡើង បណ្តាប្រទេសលោកខាងលិច បានបង្កកប្រហែលពាក់កណ្តាល នៃទុនបម្រុងរបស់រុស្ស៉ី គឺប្រមាណ៣០០ពាន់លានដុល្លារ ខណៈដែលទីក្រុងមូស្គូ ចាត់ទុកសកម្មភាពនេះ ជាទង្វើគ្មានច្បាប់ទម្លាប់ និងធ្វើឲ្យប៉ះពាល់ដល់ទំនាក់ទំនងអន្តរជាតិ៕