(សេអ៊ូល)៖ ប្រធានាធិបតីថ្មីរបស់កូរ៉េខាងត្បូង លោក យូន ស៊ុកយុល (Yoon Suk-yeol) បាននិយាយនៅថ្ងៃពុធនេះថាស្ថានភាពសន្តិសុខនៅលើ ឧបទ្វីបកូរ៉េ គឺមានភាពតានតឹង ខណៈមានការបារម្ភកាន់តែខ្លាំងថាកូរ៉េខាងជើងអាចនឹងធ្វើតេស្ដអាវុធនុយក្លេអ៊ែរឡើងវិញឆាប់ៗនេះ។ នេះបើយោងតាម ការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១១ ខែឧសភា ឆ្នាំ២០២២។

ការកត់សម្គាល់ខាងលើរបស់លោក យូន ធ្វើឡើងកំលុងកិច្ចប្រជុំជាមួយក្រុមមន្ត្រីរបស់លោក ជាមួយការជំរុញឱ្យពួកគេមានការប្រុងប្រយ័ត្ន និងឆ្លើយតប ឲ្យបានកាន់តែប្រសើរ ចំពោះមុខស្ថានការណ៍ដ៏តឹងតែងបែបនេះ។ ថ្លែងនាឱកាសនោះ ប្រធានាធិបតីកូរ៉េខាងត្បូងរូបនបានគូសបញ្ជាក់ដូច្នេះថា «ស្ថានភាពសន្តិសុខកំពុងមានភាពតានតឹង ដោយនៅឯក្រៅប្រទេសមានការជជែកដេញដោលជាច្រើនពីលទ្ធភាព នៃការធ្វើតេស្ដអាវុធនុយក្លេអ៊ែរ ឡើងវិញពីសំណាក់កូរ៉េខាងជើង»។

បន្ថែមពីលើនេះ លោក យូន ក៏បានលើកឡើងពីបញ្ហាសេដ្ឋកិច្ចផងដែរ។ «សេដ្ឋកិច្ចកំពុងស្ថិតក្នុងស្ថានភាពលំបាក ហើយបញ្ហាប្រឈមធំបំផុត គឺការឡើងថ្លៃទំនិញ។ ដូច្នេះយើងត្រូវពិនិត្យឱ្យបានហ្មត់ចត់លើសូចនាករផ្សេងៗ ហើយបន្តសិក្សារកវិធី ដើម្បីគ្រប់គ្រងតម្លៃដោយធ្វើការវិភាគ លើប្រភពនៃការឡើងថ្លៃទំនិញ»។ នេះជាការបន្ថែមរបស់លោក យូន។

គួរបញ្ជាក់ថា ក្នុងពិធីស្បថចូលកាន់តំណែងជាផ្លូវការកាលពីថ្ងៃអង្គារសប្ដាហ៍នេះ, លោក យូន ស៊ុកយុល បានបញ្ជាក់ពីជំហររបស់ខ្លួន ក្នុងបើកចំហ ទំនាក់ទំនងការទូតជាមួយកូរ៉េខាងជើង បើទោះបីជាកម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងព្យុងយ៉ាង បង្កការគំរាមកំហែងដល់ឧបទ្វីបកូរ៉េទាំងមូលក៏ដោយ៕