(វ៉ាស៊ីនតោន)៖ សហគមន៍ស៊ើបការណ៍សម្ងាត់អាមេរិក ជឿជាក់ថាចិនកំពុងប្រឹងប្រែងអភិវឌ្ឍសមត្ថភាពយោធារបស់ខ្លួន ឱ្យដល់កម្រិតមួយដែលអាច វាយយកកោះតៃវ៉ាន់ឱ្យបាន បើទោះជាមានអន្តរាគមន៍ពីសហរដ្ឋអាមេរិកក៏ដោយ។ នេះបើតាមលោកស្រី អាវ្រីល ហេននែស (Avril Haines) ដកស្រង់ចេញផ្សាយដោយសារព័ត៌មាន CNN នៅថ្ងៃពុធ ទី១១ ខែឧសភា ឆ្នាំ២០២២។

នាយកទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ជាតិអាមេរិក លោកស្រី Avril Haines ធ្វើការកត់សម្គាល់ខាងលើ នៅក្នុងពេលផ្ដល់សក្ខីកម្ម នៅចំពោះមុខ គណៈកម្មាធិការសេវាអាវុធ នៃព្រឹទ្ធសភាអាមេរិក កាលពីថ្ងៃអង្គារសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន)។ បើតាមលោកស្រី Haines ការគំរាមកំហែងលើ កោះតៃវ៉ាន់ នៅចន្លោះចាប់ពីពេលនេះ និងឆ្នាំ២០៣០ គឺមានសភាពធ្ងន់ធ្ងរបំផុត។ លោកស្រីបានបញ្ជាក់បន្ថែមដូច្នេះថា «តាមរយៈការវាយតម្លៃរបស់ យើង, ចិនកំពុងប្រឹងប្រែងអភិវឌ្ឍសមត្ថភាពយោធាឱ្យដល់កម្រិតមួយ ដែលយោធារបស់ពួកគេមានសមត្ថភាពអាចវាយកាន់កាប់កោះតៃវ៉ាន់ ទោះជាបីជា មានអន្តរាគមន៍របស់យើងក៏ដោយ»

គួរបញ្ជាក់ថា លោកស្រី Haines មិនបានបញ្ជាក់លម្អិតបន្ថែមនោះទេ។ ប៉ុន្តែ លោកស្រីបានព្រមានថាក្នុងពេលបច្ចុប្បន្ន សហរដ្ឋអាមេរិកមិនបានដឹងថា តើចិនកំពុងរៀនសូត្រមេរៀនអ្វីពីសង្រ្គាម់របស់លោក ពូទីន នៅក្នុងប្រទេសអ៊ុយក្រែន និងការគាំទ្ររបស់លោកខាងលិចដល់ទីក្រុងកៀវ នោះឡើយ៕