(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះបានអំពាវនាវឱ្យចិនប្រើប្រាស់ឥទ្ធិពលរបស់ខ្លួន ដើម្បីបញ្ចុះបញ្ចូលឱ្យរុស្ស៊ីដើរតាម ដំណោះស្រាយការទូត ជុំវិញវិបត្តិអ៊ុយក្រែន ដែលកំពុងបង្កហានិភ័យផ្ទុះសង្រ្គាម។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៨ ខែមករា ឆ្នាំ២០២២។

ការអំពាវនាវខាងលើ កើតមានឡើងបន្ទាប់ពីរដ្ឋមន្ត្រីការបរទេសអាមេរិក លោក អាន់ថូនី ប្លីនគែន (Antony Blinken) បានជួបពិភាក្សាការងារជាមួយ រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី តាមទូរស័ព្ទ កាលពីយប់ថ្ងៃពុធកន្លងទៅនេះ ដោយភាគីចិនក៏បានជំរុញផងដែរឱ្យភាគីពាក់ព័ន្ធទាំងអស់រក្សាភាព អត់ធ្មត់ និងបញ្ចៀសរាល់សកម្មភាពទាំងឡាយណាដែលនាំឱ្យស្ថានការណ៍កាន់តែតានតឹង។

នៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ អនុរដ្ឋលេខាធិការនៃក្រសួងការបរទេសអាមេរិក ទទួលបន្ទុកកិច្ចការបរទេស លោកស្រី វិចតូរៀ នូលែន (Victoria Nuland) បានបញ្ជាក់ដូច្នេះថា «យើងអំពាវនាវឱ្យទីក្រុងប៉េកាំង ប្រើប្រាស់ឥទ្ធិពលរបស់ខ្លួនដើម្បីជំរុញទីក្រុងម៉ូស្គូ ដើរតាមយន្ដការការទូត ពីព្រោះថាជម្លោះណាមួយនៅក្នុងប្រទេសអ៊ុយក្រែន ក៏វាមិនមែនជារឿងល្អសម្រាប់ចិននោះដែរ»

គួរបញ្ជាក់ថា មន្ត្រីជាន់ខ្ពស់អាមេរិកបានអះអាងថារុស្ស៊ីអាចនឹងបើកការវាយប្រហារលើអ៊ុយក្រែន នៅពាក់កណ្ដាលខែកុម្ភៈខាងមុខ បើទោះជារុស្ស៊ី បដិសេធថាខ្លួនគ្មានផែនការវាយប្រហារណាមួយលើប្រទេសដទៃក៏ដោយ៕